(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់ ត្រូវបុរសអ្នកលក់ចាបហួយចាប់វាយ និងយកដុំថ្មញាត់មាត់ព្រោះខឹងក្មេងនោះ រត់លេងនៅកន្លែងលក់ដូររបស់ខ្លួន តែជននេះត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅរសៀលថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៦ នៅចំណុចផ្ទះលក់ចាប់ហួយ មួយកន្លែងក្រោយផ្សារកាណាស៊ីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្មេងប្រុសរងគ្រោះខាងលើនេះឈ្មោះ ធឿន ណារាជ្យ អាយុ៦ឆ្នាំ មានឪពុកឈ្មោះភូមិ ប្រាក់វីស អាយុ២៦ឆ្នាំ និងម្តាយឈ្មោះពេជ្រ ថាវី អាយុ៣០ឆ្នាំ មុខរបរធ្វើការរោងចក្រស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបុរសលក់ចាបហួយឈ្មោះ លឹម សុខា ហៅវុធ អាយុ៤៣ ឆ្នាំមុខលក់ដូស្នាក់នៅផ្ទះ88C ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ។ បើតាមសាក្សី នៅមុនពេលកើតហេតុ គេបានឃើញក្មេងប្រុសខាងលើបានទៅរត់លេងនៅផ្ទះលក់ចាប់ហួយនោះ បន្ទាប់មកស្រាប់តែបុរសម្នាក់នោះ បានចាប់វាយធ្វើបាប និងយកដុំថ្មញាត់មាត់រួចយកទៅប្រគល់អោយម្តាយ។
បន្ទាប់ពីម្តាយក្មេងដឹងពីមូលហេតុ ដែលបុរសខាងលើវាយធ្វើបាបកូនប្រុសគាត់ទើបរត់ ទៅប្តឹងនគរបាលអោយជួយអន្តរាគមន៍។ ក្រោយមកកម្លាំងនគរបាលបានចុះទៅដល់ចំណុចកើតហេតុ នាំបុរសខាងលើមកសួនាំនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅ។ បន្ទាប់ពីធ្វើការសាកសួរួច ភាគីខាងម្តាយក្មេងជនរងគ្រោះបានទាមទារសំណងចំនួន ១០០ដុល្លារ តែភាគីខាងបុរសនោះមិនព្រម ទើបនគរបាលបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕