(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់រង្វាន់ពិសេស ដល់អត្តពលិក ដែលទទួលបានមេដាយ ក្នុងការចូលរួមប្រកួត ជាលក្ខណៈអន្តរជាតិនាពេលកន្លងមក រួមមានគ្រូបង្វឹក និងអ្នកថែទាំ សរុបទាំងអស់មានចំនួន៣៥នាក់។ លោក វង សូត បន្តថា ការផ្តល់ប្រាក់រង្វាន់ នាពេលនេះ គឺជាលើកទឹកចិត្ត ដល់កីឡាករពិការ និងដើម្បីលើកកំពស់លើវិស័យកីឡាជនពិការ និងការប្រកួតមុខជំនាញនានា ឱ្យមាននិរន្តរភាព ។
លោករដ្ឋមន្រ្តី បានលើកឡើង បែបនេះ ខណៈលោកចូលរួម នៅក្នុងពិធីប្រគល់សញ្ញាប័ត្រ ជូនដល់និស្សិត ដែលបានបញ្ចប់ការសិក្សាផ្នែកសង្គមកិច្ចវិទ្យា វិស្វកម្មឧបករណ៍សិប្បនិម្មិត និង រណប ជំនាន់ទី១ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ក្រោមការសហការជាមួយអង្គការ អ៊ិកស៊ីដវើលវ៉ាយ (Exceed Worldwide) អតីតអង្គការកម្ពុជាត្រាស នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
លោករដ្ឋមន្រ្តីបានបន្តថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការក្នុងការប្រកួតមុខជំនាញ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់ឧបត្ថម្ភ សម្រាប់គ្រូបង្វឹក គ្រូបង្វឹកជំនួយ និងអ្នកថែទាំ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ដល់ក្មួយដែលជាជនពិការ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់វិស័យកីឡាជនពិការ ដូចប្រភេទកីឡានានាដែរ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតាម រយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែយកចិត្តទុដាក់ពិសេសដល់ជនពិការដូចជា ការប្រារព្ធទិវាជនពិការ និងការរៀបចំ កម្មវិធី កំសាន្តនានា ការពង្រឹង ពង្រីកសេវា សុខុមាលភាពជនពិការ និងស្ដារលទ្ធភាពពលកម្ម។
ការរៀបចំរៀបចំពិធីប្រគល់ប្រាក់រង្វាន់នេះឡើង ដើម្បីបង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានដោយក្តីមេត្តាករុណា និងពុំមានការរើសអើងដល់បងប្អូនជនពិការ។ នេះជាគុណូបការៈ និងជាអនុស្សារីយ៍ដែលពុំអាចបំភ្លេចបាន ដែលរាជរដ្ឋាភិបាលបានផ្តល់ប្រាក់រង្វាន់ជ័យលាភីសម្រាប់កីឡាស្ប៉េស្យាល់អូឡាំពិក។
គួរបញ្ជាក់ថា កន្លងមក គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានស្នើសុំថវិកា ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ ផ្តល់ប្រាក់រង្វាន់ជ័យលាភីជូនអត្តពលិក គ្រូបង្វឹក គ្រូបង្វឹកជំនួយ អ្នកដឹកនាំ និងអ្នកថែទាំ ដែលបានទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិចំនួន០៥ លើក ថ្នាក់ពិភពលោកចំនួន២លើក ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១លើក ថ្នាក់អនុតំបន់ទន្លេមេគង្គ ចំនួន២លើក ៕