(កោះកុង)៖ លោក គង់ សុភាព សមាជិកចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកោះកុង នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំសមាជិកក្រុម១៥៧ ដើម្បីចុះសួរសុខទុក្ខ និងនាំអំណោយរបស់ លោក ហ៊ុន ម៉ាណែត ជូនយោធា ម្នាក់ឈ្មោះ ស៊ុន ខ្វែតតាំង ប្រចាំការនៅប្រាសាទតាក្របី ខេត្តព្រះវិហារ ដែលមានជំងឺរាំរ៉ៃរាប់ឆ្នាំ ដែលរស់ជាមួយកូនម្នាក់ ចំណែកប្រពន្ធជាប់ពន្ធនាគារ ហើយរាល់ថ្ងៃអាស្រ័យ នៅក្រោមផ្ទះសាច់ញាតិ ស្ថិតនៅភូមិ២សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក គង់ សុភាព សមាជិកយុវជនកម្ពុជាក្រុម១៥៧សាខាខេត្ត បានឲ្យដឹងថា ដោយទទួលបានព័ត៌មានថា មានមន្រ្តីយោធាម្នាក់ឈ្មោះ ស៊ុន ខ្វែតតាំង ដែលគាត់ប្រចាំការនៅតំបន់ប្រាសាទតាក្របី មានជំងឺប្រចាំកាយធ្ងន់ធ្ងរ អង្គុយមិនកើតនិយាយមិនរួច ហើយអាស្រ័យនៅក្រោមផ្ទះសាច់ញាតិ ជាមូយកូនស្រី លោក ទៀ សុខា ប្រធានក្រុម១៥៧ ខេត្តកោះកុង បានចាត់ឲ្យលោកដឹកនាំសមាជិក ចុះសួរសុខទុក្ខ និងនាំអំណោយរបស់លោក ហ៊ុន ម៉ាណែត ជូនដល់ដៃគាត់ ដែលអំណោយមាន ម៉ី២កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ នំធុង១ធុង អំបិល១ថង់ ថវិកាចំនួន ២០០,០០០រៀល។
លោក បន្តថា «អំណោយទាំងនេះ វាតិចតួចមែនតែអាចជួយដោះស្រាយ ក្នុងគ្រួសារបានមួយរយៈដែរ ហើយទោបីយ៉ាង ក៏បងប្អូនយើង មិនចោលគាត់ដែរ»៕