(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋានគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រចូលទៅគោលដៅហើយ ដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការ។ នេះបើតាមការប្រកាសរបស់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន - FBID»

បើតាមការប្រកាស, គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ( ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២ គ.មខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ គ.ម) ដែលការកសាងនេះប្រើរយៈពេលប្រមាណ ៣០ខែ នឹងសម្រេចជាស្ថាពរក្នុងអំឡុង ខែឧសភា​ ឆ្នាំ២០២៧។

សូមបញ្ជាក់ថា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២២ សីហា ២០២៤ បានបង្កើតមូលនិធិមួយដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តស្នេហាជាតិចង់ចូលរួមអភិវឌ្ឍព្រំដែន ចូលរួមថវិកាតាមគោលការណ៍ស្ម័គ្រចិត្ត។ មូលនិធិនេះមានរយៈពេល៣០ថ្ងៃ ដោយបញ្ចប់ការទទួលប្រាក់ត្រឹម ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ហើយរយៈពេល៦៦ថ្ងៃ មូលនិធិទទួលបានថវិកាពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិក។

កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្តីសម្រេចបង្កើត ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលសរសេរជាអក្សរកាត់ថា «ក.គ.ម.» ដែលមានលោក គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី ជាប្រធានផងដែរ។

ក.គ.ម. មានតួនាទី និងមានភារកិច្ច ដូចខាងក្រោម៖

- ជាសេនាធិការជូននាយករដ្ឋមន្ត្រីលើការគ្រប់គ្រង និងចាត់ចែងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន
- សិក្សា និងលើកយោបល់ពាក់ព័ន្ធការកសាងផ្លូវក្រវាត់ព្រំដែន
- រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព រផែនការសកម្មភាព ដើម្បីអនុវត្តការកសាងផ្លូវក្រវាត់ព្រំដែន
- តាមដាន ត្រួតពិនិត្យការអនុវត្ត និងវាយតម្លៃវឌ្ឍនភាពនៃកិច្ចដំណើរការកសាងផ្លូវក្រវាត់ព្រំដែន
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការកសាងផ្លូវក្រវាត់ព្រំដែន
- ធ្វើទំនាក់ទំនងជាមួយសាធារណជន
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍វឌ្ឍនភាពការងារជូននាយករដ្ឋមន្ត្រី
អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីនាយករដ្ឋមន្ត្រីជាដើម៕