(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំប្រារព្ធពិធីអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅថ្ងៃអាទិត្យ ៣កើត ខែកត្តិកវឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទីរសៀល នឹងជួបជុំប្រារព្ធពិធីក្រុងពាលី ស្ថិតនៅវិមាន៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

លុះនាព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៥:០០នាទីព្រឹក នឹងមានរៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយដង្ហែចេញពីវិមាន៧មករា ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយសៀមថ្មី) ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្ទៀងស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងការប្រារព្ធពិធីក្រុងពាលី និងពិធីដង្ហែអង្គកឋិនទានខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ជុំវិញទីតាំងប្រារព្ធពិធីខាងលើមេត្តាយោគយល់ អធ្យាស្រ័យធ្វើការពង្វាងចរាចរដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះនឹងមានចរាចរមមាញឹកខ្លាំង។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕