(កែប)៖ ស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ បានរៀបចំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេច ផែនការណែនាំ បទបញ្ជាផ្ទៃក្នុង ការរៀបចំប្រឡងជ្រើសរើសឲ្យចូលក្របខណ្ឌ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប និងវរសេនាតូចលេខ៤៣០ នគរបាលការពារព្រំដែនទឹកប្រចាំខេត្តកែប។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការរៀបចំប្រឡងជ្រើសរើស លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប លោកស្រីតំណាងនាយដ្ឋានបុគ្គលិក តំណាងបណ្ឌិតសភានគរបាលកម្ពុជា នាយកដ្ឋានព្រំដែនទឹក និងនាយ នគរបាលខេត្តកែប ប្រមាណ១២៥រូប ផងដែរ។
លោក កែន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ថា មន្ដ្រីអនុវត្ត ត្រូវផ្តោតសំខាន់ទៅលើ សមត្ថភាពការងារ ភាពស្មោះត្រង់ ការអនុវត្តឲ្យបានសំរេចតាមគោលការណ៍ និងការណែនាំ ដើម្បីទទួលបានមកវិញ នូវមន្ត្រីប្រកប ដោយគុណភាព សមត្ថភាព សម្រាប់បន្តវេនការងារយូអង្វែង នៅពេលខាងមុខទៀត។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប ក៏បានជំរាបអំពីការដោះស្រាយ ការហូបចុកដល់មន្រ្តីពាក់ព័ន្ធ ក្នុងពេលអនុវត្តន៍ការងារ ខាងលើផងដែរ។
មុនបញ្ចប់កិច្ចប្រជុំ លោកអភិបាលខេត្ត ក៏បានទទួលយកទៅរក្សាទុកនូវ កេសវិញ្ញាសា ហើយនឹងត្រូវយកមកកាត់បើកនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ស្អែកនេះ នៅមណ្ឌលប្រលង ក្នុងអនុវិទ្យាល័យហ៊ុន សែន កែប ផងដែរ៕