(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានអញ្ជើញជាអធិបតីភាពបើកបវេសនកាល ឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង ស្ថិតក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកអភិបាលក្នុងបរវេសនការឆ្នាំសិក្សាថ្មីខាងលើនេះដែរ ក៏មានការចូលរួមពីសំណាក់លោកនាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ។
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី លោក ធឹម សំអាន បានលើឡើងថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ទាំងផ្នែកបរិមាណ និងគុណភាព។ លោកអភិបាលខណ្ឌបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អសំខាន់ជាងនេះទៅទៀតត្រូវមានចិត្តតស៊ូ ក្នុងនាមជាយុវជន។
លោកអភិបាលខណ្ឌបានអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេសគឺត្រូវពាក់មួកសុវត្ថិភាពនៅពេលបើកបរម៉ូតូ ហើយក៏អំពាវនាវឱ្យយុវជនទាំងអស់ ត្រូវតែឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានោះ លោកអភិបាលខណ្ឌ ក៏បានផ្តល់ដំបូន្មាន ក៏ដូចជាការចែករំលឹកចំណេះដឹងមួយចំនួន ដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ថា ការរៀនសូត្រមិនមែនរៀនលំៗ យករួចខ្លួននោះទេ ពោលត្រូវដាក់ទាំងកាយ និងចិត្តក្នុងការរៀនសូត្រក្រេបយកចំណេះដឹង និងចំណេះធ្វើឱ្យបានច្បាស់លាស់ប្រាកដប្រជា សម្រាប់ខ្លួនឯងទៅថ្ងៃមុន។
លោកអភិបាលខណ្ឌបន្តថា សិស្សណាដែលទទួលបាន ពិន្ទុល្អ និងជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងពេលប្រលង គឺជាការខិតខំរបស់សិស្សនោះហើយ ដែលព្យាយាមនឹងតស៊ូ ក្នុងការប្រឹងរៀនសូត្រ ហើយការប្រឹងប្រែងនៅពេលនេះ គឺជាចំណេះដឹងដ៏ប្រសើរមួយសម្រាប់ខ្លួនឯង យកវាទៅប្រើប្រាស់ទៅថ្ងៃអនាគត និងដើម្បីប្រើប្រាស់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងសង្គមជាតិទាំងមូលឱ្យសមទៅនឹងសុភាសិតខ្មែរ និយាយថា «ទំពាំងស្នងឬស្សី»៕