(ភ្នំពេញ)៖ ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) សូមប្រកាសអំពីការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះ ប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni)។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជ សត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជាក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង៤០សំបុក។

ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន ១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។ ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកស ចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ព្រោះវាស្មើនឹង៨៧ ទៅ៩៥% នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក។ ការកត់ត្រាបានចំនួនដ៏ច្រើននេះបញ្ចាក់អំពីសមិទ្ធផល សម្រេចដ៏ធំនៃការងារអភិរក្សនាពេលកន្លងមក។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា «ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ»

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ និងអង្គការដៃគូអភិរក្សចាំបាច់ណាស់ បន្តការចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ជាពិសេសធានាថា សត្វស្លាបដែលជានិមិត្តរូបទាំងនេះ ត្រូវបានការពារពីការវិនាសផុតពូជ។

នៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) បានផ្តោតលើទីជម្រកសំខាន់ៗនៅភាគខាងកើត និងឦសាននៃប្រទេសកម្ពុជា រួមមាន៖ ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំងដែលកំពុងមានសកម្មភាពអង្កេតតាមដាន សង្រ្គោះ និងការពារនៅក្នុងធម្មជាតិ។

ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា បានបញ្ជាក់ថា៖ «កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជាក្នុងឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្កាត់ពូជសត្វត្រយងចង្កំកស ដោយជោគជ័យ ដែលនេះជាប្រវត្តិសាស្ត្រនៃការសម្រេចបាននឹងកំពុងដំណើរការបន្តយ៉ាងល្អ។

ភាពជោគជ័យនេះបង្ហាញពីតួនាទីដ៏សំខាន់នៃកម្មភាពអភិរក្សនៅក្រៅទីជម្រកធម្មជាតិក្នុងការលើកកម្ពស់ការរស់រានមានជីវិតនៃប្រភេទសត្វជិតផុតពូជទាំងនេះ និងបញ្ជាក់អំពីតម្រូវការអភិរក្សរបៀបនេះបន្តទៀត។ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាត្រូវបានបង្កើតឡើងដើម្បីប្រមូលធនធាន និងបង្កើនកិច្ចសហការណ៍លើការងារអភិរក្សសត្វត្រយងជិតផុតពូជទាំងពីរប្រភេទនេះ ក្រុមការងារយើងពឹងផ្អែកលើរបាយការណ៍ នៃការអភិរក្សសត្វត្រយងថ្នាក់ជាតិប្រចាំឆ្នាំនេះដើម្បីតាមដានវឌ្ឍនភាពនៃការអភិរក្សឆ្លើយតបទៅនឹងផែនការសកម្មភាពអភិរក្សសត្វត្រយងដែលបានដាក់ចេញ។ លទ្ធផលដែលបានបង្ហាញក្នុងរបាយការណ៍ដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមការងារយើង ក្នុងការអភិរក្ស និងការពារទីជម្រករបស់ពួកវាបន្តទៀតដើម្បីធានាវត្តមានរបស់ពួកវានៅក្នុងប្រទេសកម្ពុជា»។

សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស កំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម។ សត្វត្រយងយក្សដែលមានចំនួនតិចជាង ២០០ក្បាល នៅទូទាំងពិភពលោកត្រូវបានចាត់ជាបក្សីតំណាងជាតិរបស់កម្ពុជា ខណៈសត្វត្រយងចង្កំកស បាននិងកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗ ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត។

ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា សូមអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះដើម្បីការពារ និងធានាថាសត្វស្លាបដ៏អស្ចារ្យទាំងនេះ មានការកើនឡើងនាពេលអនាគត។ យើងសូមលើកទឹកចិត្តដល់អ្នកធ្វើការសម្រេចចិត្ត និងអ្នកសិក្សាស្រាវជ្រាវធ្វើការពិគ្រោះជាមួយរបាយការណ៍នេះ នៅពេលដែលរៀបចំផែនការគ្រប់គ្រងតំបន់ទេសភាព យុទ្ធសាស្រ្តវិនិយោគ និងគម្រោងស្រាវជ្រាវនានា។

ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) និងបន្តជំរុញកិច្ចសហការណ៍រួមគ្នាក្នុងការអភិរក្សបេតិកភណ្ឌធម្មជាតិរបស់កម្ពុជាមួយនេះ តាមរយះកិច្ចប្រជុំទៀងទាត់ និងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីធានាថាទាំងសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ត្រូវបានការពារយ៉ាងប្រសើរ។ របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារសត្វត្រយងកម្ពុជានេះ មិនត្រឹមតែគូសបញ្ជាក់ពីសមិទ្ធផលនៃឆ្នាំកន្លងទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់ដំណាក់កាលនៃសកម្មភាពអភិរក្សនាពេលអនាគតផងដែរ៕