(ភ្នំពេញ)៖ នាព្រឹកថៃ្ងសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល (ក.ស.ប.) និងលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ (ក.ផ.ក.) បានអញ្ជើញជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិតឥតខ្សែ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនដល់មន្រ្តីរាជការក្រោមឱវាទ»។
ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. ក.ស.ប. និង ក.ផ.ក. សរុបចំនួនប្រមាណ ២៥០នាក់។
អនុស្សរណៈនៃការយោគយល់នេះមានគោលបំណង ៤ សំខាន់ៗ ដូចខាងក្រោម៖
1. ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយ ក.ស.ប. និង ក.ផ.ក. ដើម្បីលុបបំបាត់ការក្លែងបន្លំ។
2. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឥតខ្សែសម្រាប់ការប្រើប្រាស់ក្នុង ក.ស.ប. និង ក.ផ.ក.
3. ការសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល រួមមាន៖
៣.១. ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រើប្រាស់នៅ ក.ស.ប.៖
- ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលដោយប្រើប្រាស់ថ្នាល verify.gov.kh
- ប្រព័ន្ធគ្រប់គ្រងអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដោយប្រើប្រាស់ថ្នាល verify.gov.kh
- ប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (Electronic Medical Record/EMR) និង
- ការបំពាក់ឧបករណ៍ឌីជីថលជូនមន្ទីរពេទ្យជាតិនិងមន្ទីរពេទ្យរាជធានី ខេត្តក្នុងដំណាក់កាលទី១ ដើម្បីប្រើប្រាស់សម្រាប់ផ្តល់ការប្រឹក្សាវេជ្ជសាស្រ្តតាមប្រព័ន្ធអនឡាញ និងឈានទៅពង្រីកដល់មន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់ទៀត។
៣.២. ប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ សម្រាប់ប្រើប្រាស់នៅ ក.ផ.ក.។
4. ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនដល់មន្ត្រីរាជការនៃ ក.ស.ប. និង ក.ផ.ក. ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់សម្រាប់សម្រួលដល់ការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។
ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕