(អូម៉ង់)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Kahlan Nabhan Al Kharousi ទីប្រឹក្សាជាន់ខ្ពស់មុហ្វទី (ស្ថាប័នកំពូលឥស្លាម) នៃប្រទេសអូម៉ង់ ក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីមូស្កាត់ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាជាប្រទេសប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គោលនយោបាយ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដល់ប្រជាពលរដ្ឋទូទៅដោយរស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា គ្មានការរើសអើង និងគ្មានជម្លោះសាសនាឡើយ ស្របពេលប្រទេសជាតិ កំពុងមានសុខសន្តិភាព និងការរីកចម្រើន។
លោកបណ្ឌិតបានបង្ហាញក្តីព្រួយបារម្ភនៅពេលអនាគត ចំពោះសិស្សនិស្សិតមុស្លិមកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ហើយបាននាំមកនូវមនោគមន៍វិជ្ជានៅតាមបណ្តាប្រទេសផ្សេងៗ ដែលប្រាសចាកការ និយមកណ្តាល ដែលនាំឱ្យមានការខ្វែងគំនិត និងការបែកបាក់ ក្នុងការប្រតិបត្តិសាសនា ដូច្នេះយើងត្រូវធ្វើយ៉ាងណាពន្យល់ និងបណ្តុះបណ្តាល ប្រជាជនមុស្លិមនៅកម្ពុជា ត្រូវប្រកាន់និយមកណ្តាល យោគយល់គ្នា និងត្រូវគោរពសិទ្ធអ្នកកាន់សាសនាផ្សេងៗផងដែរ ដើម្បីរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ជាពិសេសសិស្សនិស្សិត ដែលជាយុវជនជំនាន់ក្រោយ ត្រូវរក្សាវឌ្ឍនភាពនូវអ្វីដែលសហគមន៍ឥស្លាមកម្ពុជាមាន គឺធ្វើយ៉ាងណាកុំឱ្យបាត់បង់ទៅវិញ។
លោកបណ្ឌិត Kahlan Nabhan Al Kharousi បានលើកឡើងថា ស្ថាប័នមុហ្វទី បាននិងកំពុងសហការជាមួយក្រសួងកិច្ចការឥស្លាម អូម៉ង់ ដើម្បីផ្សព្វផ្សាយអំពីច្បាប់ឥស្លាមទៅកាន់ពលរដ្ឋរបស់ខ្លួនស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ព្រមទាំងទាក់ទងនឹងការប្រតិបត្តិសាសនា ដោយគ្មានការរើសអើង។ ជាពិសេសត្រូវប្រកាន់និយមកណ្តាលជាដាច់ខាត ដើម្បីនាំមកនូវសុខដុមរមនា ក្នុងការរស់នៅរបស់មនុស្សជាតិ។
លោកបានបន្ថែមថា ដូច្នេះហើយបានស្ថាប័នមុហ្វទី សហការជាមួយក្រសួងកិច្ចការឥស្លាម និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាអប់រំប្រជាពលរដ្ឋ កុំឱ្យជ្រុលនិយម ហើយធ្វើអ្វីប្រាកចាកពីគោលជំនឿឥស្លាម ដែលធ្វើឲ្យមានការវឹកវរ ចលាចល ឬបង្កើតឱ្យមានអស្ថេរភាពក្នុងសង្គម។
ជាមួយគ្នានេះ លោកបានគាំទ្រនូវអ្វីដែលជាការលើកឡើងលោកទេសរដ្ឋមន្ត្រី អំពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា ហើយក៏គាំទ្រចំពោះការលើកឡើងអំពីការថែរក្សាឱ្យមានការនិយមកណ្តាល ដើម្បីឱ្យមានសុខដុមរមនា និងគ្មានជម្លោះផ្សេងៗ។
លោកបានកោតសសើរ និងថ្លែងអំណរអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវសុខដុមរមនា និងផ្តល់សិទ្ធសេរីភាពដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជា ទោះបីជាកម្ពុជា ប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋក៏ដោយ៕