(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្ដាល ស្ដីពី «ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល» ជូនអនុប្រធាន និងសមាជិកនៃ គ.រ.ឌ. នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំពីក្រសួង ស្ថាប័នពាក់ព័ន្ធ អនុប្រធាន និងសមាជិកនៃ គ.រ.ឌ. ទាំងអស់ ដែលមានចំនួនសរុបប្រមាណ ១០០នាក់ នាសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយមានរួមបញ្ចូលការធ្វើបទឧទ្ទេសនាម កិច្ចពិភាក្សាក្រុម និងការចែករំលែក អំពីប្រធានបទសំខាន់ៗ និងបទពិសោធនានាពីសាស្ត្រាចារ្យ និងវាគ្មិនកិត្តិយសពីស្ថាប័នអន្តរជាតិពាក់ព័ន្ធនឹងនិន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅក្នុងវិស័យសាធារណៈនិងវិស័យឧស្សាហកម្ម ការកំណត់អត្តសញ្ញាណ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការយល់ដឹងពីគោលការណ៍ចម្បងនិងក្របខណ្ឌនៃអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាព និងទាញយកផលប្រយោជន៍ ពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រជូន លោក លោកស្រី ជាថ្នាក់ដឹកនាំពីក្រសួង ស្ថាប័នពាក់ព័ន្ធ អនុប្រធាន និងសមាជិកនៃ គ.រ.ឌ. ទាំងអស់ ដែលបានចូលរួមផងដែរ៕