(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងសម្ព័ន្ធក្រុមហ៊ុន វើលដ៍ប្រ៊ីដ (Worldbridge) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្ដិការរវាងគ្នា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងបំពេញតម្រូវការ កម្លាំងពលកម្មជំនាញ ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ឲ្យមានសក្ដានុពលខ្ពស់ និងពង្រឹងការអភិវឌ្ឍបន្ថែមលើជំនាញដែលមានស្រាប់ ព្រមទាំងជំនាញថ្មីៗ ពាក់ព័ន្ធនឹងផ្នែកមេកាត្រូនិក ប្រព័ន្ធស្វ័យប្រវត្ដិ បដិសណ្ឋារកិច្ច ដើម្បីស្របតាមទីផ្សារការងារ។
ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន វើលដ៍ប្រ៊ីដ លោក ឧកញ៉ា សៀ ឬទ្ធី បានថ្លែងថា បន្ទាប់ពីការចុះហត្ថលេខារក្នុងនៅថ្ងៃនេះហើយ ខាងក្រុមហ៊ុនយើងនឹងផ្ដល់ជំនួយបច្ចេកទេសនានា ដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ព្រមទាំងផ្ដល់នូវឱកាសសម្រាប់ការហាត់ការ និងការងារដល់និស្សិតដែលទទួលការបណ្ដុះបណ្ដាលជំនាញតាមរយៈកិច្ចសហប្រតិបត្ដិការនេះ ក្នុងនោះមានជំនាញចម្បងដូចជា បដិសណ្ឋារកិច្ច ,ឧស្សាហកម្ម, IT និងវិស័យជំនាញគ្រឿងម៉ាស៊ីន ដើម្បីតម្រូវលើទីផ្សារការងារបច្ចុប្បន្ននេះ ។
លោកឧកញ៉ាបន្ដថា ព្រោះនៅពេលដ៏ខ្លីខាងមុខនេះ យើងបង្កើតអ្វីមួយថ្មីមួយទៀត ដែលត្រូវការកម្លាំងពលកម្មជំនាញ ដែលមានសមត្ថភាពខ្ពស់ ជាច្រើន ដូចនេះ ដោយការមើលឃើញពីសមត្ថភាពរបស់និស្សិតខ្មែរ ពិតជាមានភាពវ័យឆ្លាតចាប់បានលឿនបំផុត ចឹងយើងបន្ថែមតែការបណ្ដុះបណ្ដាលបន្ដិចបន្ដួចទៀត ខ្មែរយើងទទួលបានភាពល្អប្រសើរ១០០%។
លោកឧញ៉ា «ជាក់ស្ដែង សម្រាប់ក្រុមហ៊ុនរបស់ខ្ញុំសព្វថ្ងៃ មានបុគ្គលិក៩៥%ជាខ្មែរ ហើយ៥%ជាបរទេស ព្រោះយើងមានជំនាញខ្លះដែលមិនចេះ ចឹងយើងត្រូវប្រើប្រាស់គេសិន ព្រោះក្នុងជីវិតខ្ញុំចូលចិត្ដប្រើពាក្យមួយថា ខ្ញុំរៀនផង ធ្វើការផង ដកពិសោធន៍គេផង ដើម្បីក្រេបជញ្ចក់អ្វីដែលគេមាន ហើយអ្វីយើងមិនមាន កុំថាស្អីក៏ដោយយើងចេះទាំងអស់ អត់ទេ ត្រូវចេះរៀនយកបទពិសោធន៍ពីគេ ពីព្រោះនៅលើពិភពលោកយើងនេះ មានជំនាញច្រើនណាស់ ដែលយើងមិនដឹង ដែលយើងត្រូវការរៀនពីគេ រៀនហើយដើម្បីឲ្យកូនខ្មែរបានចេះ ហើយថ្ងៃក្រោយើងនឹងកាត់បន្ថយជនជាតិគេឲ្យអស់»។
នាយកវិទ្យាស្ថាន លោកបណ្ឌិត ប៊ុន ភារិន បានថ្លែងថា «ខ្ញុំនឹងប្រឹងប្រែងបណ្ដុះបណ្ដាលធនធានរបស់និស្សិតយើងឲ្យកាន់តែមានជំនាញ និងបទពិសោធន៍បន្ថែមទៀត បន្ទាប់ពីយើងមានជំនាញ ផ្នែក បដិសណ្ឋាកិច្ច ,IT ,គ្រឿងម៉ាស៊ីន ,អេឡិចត្រូនិក អគ្គិសនី ដែលនិស្សិតរបស់មានសមត្ថភាពរហូតដល់ទៅ៩៩% ដូច្នេះយើងបានត្រៀមខ្លួនរួចជាស្រេចបន្ទាប់ពីចុះកិច្ចសហប្រតិបត្ដិការជាមួយ នឹងក្រុមហ៊ុន សម្ព័ន្ធ Worldbride ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សដើម្បីគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន»
។
គួរបញ្ជាក់ សម្ព័ន្ធក្រុមហ៊ុន វើលដ៍ប្រ៊ីដ មានស្ទើគ្រប់មុខវិស័យទាំងអស់ ទាំងគ្រប់គ្រងអចលទ្រព្យ សំណង់ អគារ ជំនួញវិនិយោគផ្សេងៗទៀត ទាំងជាតិ និងអន្ដរជាតិ ហើយនៅថ្ងៃខាងមុខនេះ នឹងបង្កើតអ្វីថ្មី ដែលធ្វើឲ្យពលរដ្ឋកម្ពុជាមានការងារធ្វើឲ្យកាន់តែច្រើនបន្ថែមទៀត ៕