(បាត់ដំបង)៖ មូលនិធិសម្ដេចក្រឡាហោម ស ខេង ត្រូវបានលោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ នាំយកទៅចែកជូនស្រី្ដសម្រាលកូន គ្រួសារអ្នកមរណភាពចំនួន៧៩នាក់ ក្នុងឃុំទាំង២ របស់ស្រុកថ្មគោល មួយគ្រួសារទទួលបានថវិកា២០ម៉ឺនរៀល រីឯគ្រួសារសម្រាលកូន៥៩គ្រួសារ ទទួលបានឃីតមួយកញ្ចប់ថែមទៀត ព្រមទាំងអ្នកចូលរួមម្នាក់២ម៉ឺនរៀលផងដែរ ដែលទាំងអស់សរុប១៧,២៨០,០០០រៀល។
ក្នុងឱកាសនោះដែរលោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាព និងការ អភិវឌ្ឍន៍ប្រជាតិ លើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។
បន្ថែមពីនេះលោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់ គិតគូពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់ បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែករំលែកដ៏ល្អ មួយរបស់គណបក្សប្រជាជនកម្ពុជា។
ជាងនេះទៅទៀត លោកប្រធានក្រុមការងារក៏បានផ្តាំផ្ញើ ដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការ រស់នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង ការពារឲ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។
ស្ត្រីសម្រាលកូន និងក្រុមគ្រួសារ ជនមរណភាពទាំងពីរឃុំ បានគោរពថ្លែងអំណរគុណ ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលា ដ៏មានតម្លៃ ព្រមទាំងចំណាយថវិកា និងសម្ភារៈ ចែកជូនពួកគាត់ដោយមិនប្រកាន់ និន្នាការបក្សនយោបាយណាឡើយ។
បន្ទាប់មកលោកប្រធាន ក៏បានប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០១៦ ពង្រឹងសមាជិកបក្សមូលដ្ឋាន សកម្មជនបក្សឃុំទាំង២ ដើម្បីចូលរួលរួមរក្សាគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាពក្នុងមូលដ្ឋាន និងនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា សម្រាប់ទៅបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខ ដើម្បីទាញយកសម្លេងឆ្នោតទទួលបានជ័យជំនះ និងបន្តការដឹកនាំប្រទេសដើម្បីកសាង និងអភិវឌ្ឍន៍ជាតិកាន់តែ រីកចម្រើនបន្ថែមទៀត៕