(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដែលមានសហភាពចំនួន៦ សហព័ន្ធសហជីពចំនួន៣០ សមាគមនចំនួន៥ និងអង្គការចំនួន២ មានសមាជិក-សមាជីកា ជាកម្មករកម្មារិនី លើវិស័យកាត់ដេរ ជាង៤០ម៉ឺននាក់ និងប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) ដែលមានសមាជិកជាង៣០ម៉ឺននាក់ បានចេញមកប្រកាស គាំទ្រលើការអនុវត្តច្បាប់សហជីព ដែលរដ្ឋសភាបានអនុម័តរួចទៅហើយ កាលពីខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ។
ការចេញសេចក្ដីថ្លែងការរបស់សហជីពធំៗទាំង២ខាងលើនេះ បានកើតមានឡើង ក្រោយពីសហជីពមួយចំនួន មាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល បានស្នើសុំឲ្យរាជរដ្ឋាភិបាល ធ្វើវិសោធនកម្ម ច្បាប់សហជីពឡើងវិញ ក៏ព្រោះតែច្បាប់សហជីពថ្មីនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាព របស់ពួកគេ ដែលមានបំណងមិនល្អ នៅកម្ពុជាតាមរយៈ ការគាំទ្ររបស់បរទេសមួយចំនួន។
យោងតាមសេចក្ដីថ្លែងការ របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ ពីជំហររបស់ខ្លួន រួមមាន៖ ទី១-ចូលរួមអនុវត្តច្បាប់ស្ដីពីសហជីព ឲ្យមានប្រសិទ្ធិភាព និងជាពិសេសចូលរួមផ្សព្វផ្សាយ ខ្លឹមសារច្បាប់ ឲ្យទូលំទូលាយ ទី២-ក្នុងការអនុវត្តច្បាប់សហជីពថ្មីៗនេះ មិនទាន់ឃើញនូវសញ្ញា ព្រួយបារម្មណ៍ណាមួយនោះទេ ផ្ទុយទៅវិញ អ្វីជាការព្រួយបារម្មណ៍នោះ គឺច្បាប់នេះ មិនទាន់បានជ្រួតជ្រាប ដល់សហជីព និងកម្មករ នៅឡើយ និងទី៣-រួមសហការ អនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីថែរក្សាការពារ វិស័យសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពល្អប្រសើរ ដើម្បីធានាបាន សន្ដិសុខការងារ និងសុខដុមនីយកម្ម។
តាមរយៈសេចក្ដីថ្លែងការ NACC យល់ឃើញថា «ច្បាប់ស្ដីពីសហជីពថ្មីនេះ គឺជាសមទ្ធិផលរួមមួយ ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់យន្ដការត្រីភាគី និងមានការចូលរួម ប្រឹក្សាយោបល និងផ្ដល់បច្ចេកទេស ពីអង្គការដៃគូនានា»។
យោងតាមមន្ដ្រីសហជីពមួយរូប បានឲ្យដឹងថា នៅដើមខែតុលា ឆ្នាំ២០១៦នេះ ក្រុមសហជីពមួយចំនួន ដែលមាននិន្នការប្រឆាំងរាជរដ្ឋាភិបាល បានជួបប្រជុំគ្នា ដោយមានវត្តមានផងដែរ ពីមន្ដ្រីអង្គការសហប្រជាជាតិ ដែលកិច្ចប្រជុំរបស់ពួកគេ មានបំណង ប្រឆាំង និងស្នើឲ្យរាជរដ្ឋាភិបាល ធ្វើវិសោធនកម្មច្បាប់នេះឡើងវិញ។
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន បានថ្លែងឲ្យដឹងថា ច្បាប់សហជីពថ្មីនេះ បានចង និងហាមប្រាម ការតវ៉ារបស់ក្រុមសហជីព នៅតាមរោងចក្រ ដែលគ្មានច្បាប់អនុញ្ញាត ដូច្នេះបើពួកគេនៅបន្ដធ្វើ នឹងត្រូវប្រឈមចំពោះមុខច្បាប់ដែលពីមុន ក្រុមសហជីពទាំងនេះ អាចតវ៉ា តាមចិត្តរបស់ពួកគេ ជាមួយចៅកែរោងចក្រ។
ជាមួយគ្នានេះ ក្រុមសហជីពផ្សេងៗទៀត ក៏បានចេញសេចក្ដីថ្លែងការជាបន្ដបន្ទាប់ គាំទ្រច្បាប់សហជីពមួយនេះ និងការតម្ដើងប្រាប់ឈ្នូលអប្បរមា ដល់កម្មករកម្មារិនី ក្នុងវិស័យកាត់ដេរ នាឆ្នាំ២០១៧ រហូតដល់១៥៣ដុល្លារ។ ក្រុមសហជីពទាំងនេះ រួមមាន៖ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) សហព័ន្ធសហជីពឯករាជ្យកម្ពុជា (CFINTU) សហព័ន្ធសហជីពជាតិសាមគ្គី សម្ព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (FTUWRC) និងសហភាពសហជីពមរតជាតិកម្ពុជា (CCTUH)។ ក្រុមសហជីពទាំងនេះ បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង ទៅនឹងការអនុវត្តច្បាប់ស្ដីពីសហជីព ព្រមទាំងបានបញ្ជាក់ថា ពួកគាត់នឹងចូលរួមអនុវត្តន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាជានិច្ច។
តាមសេចក្ដីថ្លែងការណ៍របស់ក្រុមសហជីពខាងលើនេះ ដែលអង្គភាព Fresh News ទទួលបានជាបន្តបន្ទាប់ នៅថ្ងៃទី៨ ខែតុលានេះ បានឱ្យដឹងថា សមាជិកនៃក្រុមសហជីពទាំងនេះ នៅតែប្រកាន់ជំហរបន្តគាំទ្រ និងចូលរួមអនុវត្តច្បាប់ស្ដីពី សហជីព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបង្ហាញនូវការអបអរសាទរ ចំពោះលទ្ធផលសម្រេចបានប្រាក់ឈ្នួលអប្បបរមា១៥៣ដុល្លារ សម្រាប់កម្មករផ្នែកវាយនភ័ណ កាត់ដេរ និងផលិតស្បែកជើង នៅឆ្នាំ២០១៧ ដែលទើបនឹងបញ្ចប់នៅថ្ងៃទី២៩ ខែកញ្ញា ថ្មីៗនេះ។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់ក្រុមសហជីព៖