(ភ្នំពេញ)៖ លោក ម៉ែន រដ្ឋា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានបន្តបើកសវនាការ ដោយបានលើកសំណុំរឿងក្រុមចោរដែលធ្លាប់ធ្វើសកម្មភាពធាក់ រួចកាប់សម្លាប់ ប្លន់ម៉ូតូពីជនរងគ្រោះយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន៤ករណីទៀត ក្នុងចំណោមសំណុំរឿងទាំងអស់ចំនួន២៦ករណី មកជម្រះសួរដេញដោលនៅចំពោះមុខមេធាវីការពារសិទ្ធិរបស់ពួកគេ។
សវនាការដែលលើកយកមកជម្រះនេះ មានដូចជា បទល្មើសប្លន់នៅលើផ្លូវវិមានឈ្នះឈ្នះចំនួន២ករណី ប្លន់ម៉ូតូនៅផ្លូវ៦០ម៉ែត្រ១ករណី និងកាប់ប្លន់ជនរងគ្រោះក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ១ករណី សរុប៤ករណី។
ក្រោយសវនាការសួរដេញដោលបានបញ្ចប់ លោក ម៉ែន រដ្ឋា បានប្រកាសលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រមនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ពាក់ពន្ធ័បទល្មើសដែលក្រុមឆក់ ប្លន់ សកម្មរាប់សិបករណីក្នុងរាជធានីភ្នំនេះ តុលាការធ្លាប់បានកាត់ទោសលើសំណុំរឿងករណី ដែលឆក់ និងកាប់ស្ត្រីរងគ្រោះ ដោយតុលាការសម្រេចដាក់ទោសក្មុងម្នាក់ ២៣ឆ្នាំ។ បើគិតត្រឹម ៦បទល្មើស ដែលតុលាការបានកាត់ទោស ក្រុមនេះត្រូវទទួលទោសក្នុងម្នាក់ៗចំនួន ៣៨ឆ្នាំ។
ទោសដែលតុលាការដាក់ក្នុងម្នាក់ៗ ៣៨ឆ្នាំនេះ តុលាការទើបបានរកឃើញបទល្មើសចំនួន ៦ករណីប៉ុណ្ណោះ ចំណែកករណីដែលនៅសល់ តុលាការកំពុងបន្តនីតិវិធី។
សូមរំលឹកថា មុខសញ្ញាក្រុមចោរធ្លាក់ និងកាប់ប្លន់យកម៉ូតូជនរងគ្រោះយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សរុបចំនួន ២៦ករណី ត្រូវបានលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានថ្លែងថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់, សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ, សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយ ខេត្តកំពង់ធំ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសប្លន់យកម៉ូតូ ដោយប្រើជើងធាក់ផ្តួលម៉ូតូយកកាំបិតកាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ២៦ករណី។
ជនសង្ស័យទាំង ០៦នាក់ ដែលឃាត់ខ្លួនបាន រួមមាន៖
* ១៖ ឈ្មោះ សុខ តុលា ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ
* ២៖ ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ
* ៣៖ ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទ ប្រុស ជនជាតិ ខ្មែរ មានលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ
* ៤៖ ឈ្មោះ អេង សំណាង ហៅ ចយ ភេទ ប្រុស ជនជាតិ ខ្មែរ មានលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ
* ៥៖ ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង ភេទ ប្រុស ជនជាតិ ខ្មែរ មានលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រមុខរបរ មិនពិតប្រាកដ
* ៦៖ ឈ្មោះ លី ហៃ ហៅ ហ៊ួ ភេទ ប្រុស ជនជាតិ វៀតណាម មានលំផ្ទះជួល ផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មុខរបរ ទិញលក់ម៉ូតូ។
ជនសង្ស័យទាំង ០៦នាក់ ធ្លាប់ធ្វើសកម្មភាពប្លន់ជាច្រើនលើក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ប្លន់ក្នុងទឹកដី ខណ្ឌសែនសុខ ចំនួន ០៥ ករណី, ខណ្ឌដង្កោ ចំនួន ១១ ករណី, ខណ្ឌកំបូលចំនួន ០៣ ករណី, ខណ្ឌព្រែកព្នៅ ចំនួន ០៣ ករណី, ខណ្ឌមានជ័យ ចំនួន ០១ និងខណ្ឌពោធិ៍សែនជ័យ ចំនួន ០៣ ករណី៕