(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងនាយកដ្ឋានកិច្ចការអាស៊ាន នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្នុងនាមក្រសួងការពារជាតិកម្ពុជា បានសហការជាមួយក្រសួងការពារជាតិអូស្ត្រាលី រៀបចំធ្វើជាសហប្រធាននៃកិច្ចប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី១១ «11th ADMM-Plus EWG on Cyber security»។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ អេមទ្រីសអង្គរ រីសត & ស្បា (Empress Angkor Resort & Spa) នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

កិច្ចប្រជុំនេះដឹកនាំធ្វើជាសហប្រធាន ដោយឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ (តំណាងក្រសួងការពារជាតិកម្ពុជា) និងឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី (Michael REIDY) អគ្គនាយក កងកម្លាំងអភិវឌ្ឍន៍សាយប័រ និងជាមេបញ្ជាការបម្រុង បញ្ជាការដ្ឋានសាយប័រ (តំណាងក្រសួងការពារជាតិអូ ស្ត្រាលី) ដោយមានការចូលរួមពីប្រតិភូមកពីបណ្តាប្រទេសជាសមាជិក ADMM-បូក ប្រទេសទីម័រខាងកើត (ចូលរួមជាអ្នកសង្កេតការណ៍) មជ្ឈមណ្ឌលឧត្តមភាពទិន្នន័យនិងសន្តិសុខសាយប័រ និងលេខាធិការដ្ឋានអាស៊ាន។

ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានសម្តែងការស្វាគមន៍ចំពោះប្រតិភូ ដែលបានអញ្ជើញចូលរួម និងអរគុណដល់សហប្រធានអូស្ត្រាលី ចំពោះការចូលរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ដំណើរការកិច្ចប្រជុំដោយរលូន និងផ្លែផ្កា។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានលើកឡើងអំពីប្រវត្តិ និងសមិទ្ធិផលរបស់សហប្រធានជុំទី១ និងសហប្រធានជុំទី២ នៃកិច្ចប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ដែលសម្រេចបានកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្តមានប្រតិភូដែលបានចូលរួម ដែលជាការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិក និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនសមត្ថភាពអន្តរប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ស្កាត់នឹងការគំរាមកំហែងសន្តិសុខសាយប័រ ដែលជាបញ្ហាប្រឈមសកល ដែលកំពុងបន្តកើតមាន។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី (Michael REIDY) ដែលជាសហប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងអំណរគុណដល់សហប្រធានកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះប្រតិភូអូស្ត្រាលី និងប្រតិភូ ផ្សេងទៀតដែលបានចូលរួម។

ឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី បានជម្រាបជូនអង្គប្រជុំអំពី ផែនការនៃការធ្វើលំហាត់រួមគ្នា រវាងក្រុមការងារជំនាញចំនួនបី ដូចជា សន្តិសុខសាយប័រ វេជ្ជសាស្ត្រយោធា ជំនួយមនុស្សធម៌និងគ្រោះមហន្តរាយ នៅឆ្នាំចុងក្រោយនៃផែនការជុំទី៣ (ឆ្នាំ២០២៤-២០២៧)។ បន្ទាប់ពីពិធីបើកជាផ្លូវការ សហប្រធានទាំង២ ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សា និងការចូលរួមធ្វើបទបង្ហាញចែករំលែក បទពិសោធន៍ និងឧត្តម្មានុវត្តន៍ របស់សមាជិកចូលរួម ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ តាមរបៀបវារៈដែលបានគ្រោងទុក។

នៅក្នុងដំណើរការកិច្ចប្រជុំ សមាជិកអង្គប្រជុំក៏បានពិភាក្សា និងផ្តល់ធាតុចូលលើការស្ទង់មតិ អំពីតម្រូវការសម្រាប់ ការអភិវឌ្ឍផ្ទាល (Web Portal) ដើម្បីជំរុញឱ្យផ្ទាលនេះ អាចដំណើរការបានប្រកបដោយនិរន្តភាព និងឆ្លើយតបពី តម្រូវការជាក់ស្តែងរបស់បណ្តាប្រទេសចូលរួម។ ក្រោយពីកិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ និងទទួលលទ្ធផល ជាផ្លែផ្កាតាមការគ្រោងទុក សមាជិកប្រតិភូទាំងអស់ ក៏បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ប្រាសាទអង្គវត្ត និងប្រាសាទតាព្រហ្ម ដើម្បីឈ្វេងយល់ពីវប្បធ៌ម ប្រពៃណី និងស្ថាបត្យកម្មដ៏រុងរឿងនៃសម័យអង្គរផងដែរ។

សូមបញ្ជាក់ជូនថា នេះគឺជាកិច្ចប្រជុំលើកទី១ ដែលប្រទេសកម្ពុជា និងអូស្ត្រាលី បានរៀបចំធ្វើជាសហប្រធានកិច្ច ប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្រាប់ជុំថ្មី ពីឆ្នាំ២០២៤-២០២៧ ជាមួយនឹងគោលដៅជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ការលើកកម្ពស់សមត្ថភាព និងភាពធន់ ក្នុងចំណោមប្រទេសជាសមាជិក ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសាយប័រក្នុងតំបន់៕