(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះ ឧកញ៉ាដ៏មានប្រជាប្រិយនៅកម្ពុជា ឧកញ៉ា ហុង ពីវ បានរៀបចំពិធីចែកអង្ករសែនក្រអូប ដល់ប្រជាពលរដ្ឋ ក្រីក្រ ដែលជួបការខ្វះខាតក្នុងជីវភាព នៅទីតាំងក្រុមហ៊ុន បុរីពិភពថ្មី បន្ទាប់ពីបញ្ជាទិញអង្ករចំនួន៦០០០តោនបន្ថែមទៀត ក្នុងតម្លៃប្រមាណជាង ៣លានដុល្លារ ពីធនាគារស្រូវ ខេត្តបាត់ដំបង តាមរយៈការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News ចេញផ្សាយជាបន្តបន្ទាប់នូវការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល។
ឧកញ៉ា ហុង ពីវ ដែលទទួលបានការកោតសរសើរពីមហាជន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «ទន្ទឹមនឹងការចែកអង្ករនេះ ខ្ញុំសូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា អតិថិជនដែលបានទិញផ្ទះពី បុរីពិភពថ្មី និងអតិថិជន ដែលបានប្រើប្រាស់សេវាកម្មបង់រំលស់ពី ពិភពថ្មី មីក្រូហិរញ្ញវត្ថុ ក៏ជាអ្នកបានជួយជ្រោមជ្រែងក្នុងសកម្មភាពសប្បុរសធម៌នេះផងដែរ»។
ការបញ្ជាទិញ និងចែកអង្ករសែនក្រអូបជូនប្រជាពលរដ្ឋក្រីក្រ តាមបណ្តាខេត្តនានា នៅរសៀលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរផងដែរ។
នៅព្រឹកមិញនេះ ឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានរាជានុញ្ញាតឲ្យ ដើម្បីថ្វាយតង្វាយថវិកា ចំនួន១០ម៉ឺនដុល្លារ និងអង្ករ៦០០តោន នៅព្រះបរមរាជវាំង។
អ្នកឧកញ៉ា ហុង ពីវ បានក្លាយជាអ្នកប្រកាសទិញអង្ករច្រើនជាងគេដែលកើនដល់ជាង៦០០០តោន នៅក្នុងយុទ្ធនាការជួយទិញអង្កររបស់កសិករ ព្រមទាំងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទាំងនៅខាងក្រៅ និងនៅលើបណ្តាញសង្គម Facebook ថា ជាឧកញ៉ាដ៏មានសប្បុរសធម៌ ចេះចែករំលែកសុខទុក្ខជូនប្រជាពលរដ្ឋក្រីក្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ អ្នកឧកញ៉ាដ៏មានប្រជាប្រិយ ហុង ពីវ បានរៀបចំពិធីចែកអង្ករសែនក្រអូបភ្លាមៗ ដល់ប្រជាពលរដ្ឋក្រីក្រ និងបុគ្គលិកកម្មករ នៅទីតាំងក្រុមហ៊ុន បុរីពិភពថ្មី ម្ដងរួចមកហើយ ដែលនេះសបញ្ជាក់ ឲ្យឃើញថា ឧកញ៉ាពិតជាមានទឹកចិត្ត សណ្ដោសប្រណី ដល់ពលរដ្ឋក្រីក្រជាទីបំផុត៕