(ភ្នំពេញ)៖ ស្ថានទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំបាឋកថាសាធារណៈស្តីពីប្រភពដើមនៃវិបត្តិនៅប្រទេសអ៊ុយក្រែន និងស្ថានភាពបច្ចុប្បន្ន នាព្រឹកថ្ងៃទី៣០ ខែតុលា នៅសណ្ឋាគារ Raffles ឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក Anatoly Borovik ឯកអគ្គរាជទូតរុស្ស៊ីប្រចាំកម្ពុជា។
បាឋកថាសាធារណៈនេះត្រូវបានបង្ហាញដោយលោក Rodion Miroshnik ឯកអគ្គរដ្ឋទូតនៃក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី។
ជាដំបូង លោកឯកអគ្គរដ្ឋទូត Anatoly Borovik បានផ្តល់សុន្ទរកថាស្វាគមន៍ដោយបង្ហាញអំពីសេចក្តីសង្ខេបនៃវិបត្តិនៅអ៊ុយក្រែន ដោយចាប់ផ្តើមពីបដិវត្តន៍ឆ្នាំ២០១៤ នៅទីក្រុងគៀវ។
នៅពេលចាប់ផ្តើមនៃបាឋកថា លោក Rodion Miroshnik បានគូសបញ្ជាក់ពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋប្រហារនៅទីក្រុងគៀវក្នុងឆ្នាំ ២០១៤ ការវាយប្រហារតាមអាកាសលើកណ្តាលទីក្រុង Lugansk និងលទ្ធិប្រជាធិបតេយ្យរបស់អ៊ុយក្រែនក្នុងភាពងងឹត ក៏ដូចជាការទទួលស្គាល់ផ្លូវច្បាប់នៃសាធារណៈរដ្ឋប្រជាមានិត Lugansk និង Donetsk។
លោក Miroshnik បានលើកឡើងថា ការប្រយុទ្ធបង្ហូរឈាមរវាងទីក្រុង Kiev និងតំបន់ Lugansk និង Donetsk បានអូសបន្លាយអស់រយៈពេល ១០ឆ្នាំ ដែលបណ្តាលឱ្យមនុស្សរាប់សែននាក់ត្រូវបានឃុំខ្លួន និងសម្លាប់។ ទាក់ទិននឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី លោក Miroshnik បានហៅវាថាជា "ប្រតិបត្តិការប្រឆាំងភេរវកម្ម" ហើយលោកបានបន្ថែមថា រុស្ស៊ីមានសមត្ថភាព និងមានធនធានគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវប្រតិបត្តិការនេះដោយជោគជ័យ។
ជាមួយគ្នានេះ នៅក្នុងបទបង្ហាញរបស់លោក Miroshnik លោកបានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវបានបំពាក់ដោយឧបករណ៍យោធាបរទេសដែលផលិតដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆេក និងបណ្តាប្រទេសផ្សេងទៀត ហើយពួកគេក៏បានប្រើប្រាស់ផ្កាយរណបបរទេសសម្រាប់ការទំនាក់ទំនង ដូចជា Starlink ជាដើម។
លើសពីនេះ លោក Miroshnik ក៏បានគូសបញ្ជាក់អំពីជំហររបស់រុស្ស៊ី ទាក់ទងនឹងការចរចាសន្តិភាពជាមួយអ៊ុយក្រែន ដោយបញ្ជាក់ថា « រុស្ស៊ីបានចូលរួមការចរចាសន្តិភាពយ៉ាងហោចណាស់ប្រាំមួយដងចាប់តាំងពីឆ្នាំ២០១៤៖ ទម្រង់ទីក្រុងហ្សឺណែវក្នុងខែមេសា ឆ្នាំ២០១៤, ទម្រង់ Normandy ចាប់ពីខែមិថុនា ឆ្នាំ២០១៤ ដល់ខែកុម្ភៈ ឆ្នាំ២០២២, កិច្ចព្រមព្រៀងទីក្រុង Minsk ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៥ ដល់ខែកុម្ភៈ ឆ្នាំ២០២២ កិច្ចព្រមព្រៀងប៉ារីសក្នុងខែធ្នូ ឆ្នាំ 2019 និងការចរចា Belovezha និង Istanbul ពីថ្ងៃទី៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ [... ] ហើយរុស្ស៊ីជារឿយៗតែងតែអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី តែភាគីអ៊ុយក្រែនបានបដិសេធ»។
លោកឯកអគ្គរដ្ឋទូត Miroshnik បានបន្តទៀតថា «សង្គ្រាមអាចបញ្ចប់បាននៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ពេលប្រទេសអ៊ុយក្រែនឈប់ធ្វើជាអាយ៉ងនៃបណ្តាប្រទេសលោកខាងលិច ហើយឈប់ទទួលយោធា កងទ័ពស៊ីឈ្នូល និងអាវុធពីប្រទេសលោកខាងលិច។ យើងគាំទ្រការបង្កើតយន្តការសន្តិសុខរយៈពេលវែងសម្រាប់យើងទាំងអស់គ្នា»។
រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយលើកឡើងពីការបរាជ័យរបស់អ៊ុយក្រែនក្នុងការរក្សាកិច្ចព្រមព្រៀង Minsk ឆ្នាំ២០១៤-២០១៥។ ទន្ទឹមនេះ រុស្ស៊ីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរបស់ណាតូជាមួយអ៊ុយក្រែនថាជាកត្តាចំបងក្នុងការបង្កើនភាពតានតឹង។
បន្ទាប់ពីការបោះឆ្នោតប្រជាមតិនៅឆ្នាំ២០២២ តំបន់ Donetsk, Lugansk, Kherson និង Zaporozhye បានបោះឆ្នោតដើម្បីចូលរួមជាមួយរុស្ស៊ី ដូចដែល Crimea បានធ្វើនៅឆ្នាំ២០១៤ បន្ទាប់ពីអ្វីដែលរុស្ស៊ីបានពិពណ៌នាថាជារដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិចនៅក្នុងទីក្រុងគៀវ ។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់ចេញនូវរូបមន្តសន្តិភាព ដោយទាមទារឱ្យរុស្ស៊ីដកខ្លួនចេញពីទឹកដីអ៊ុយក្រែន ដែលបានទាមទារទាំងអស់ សំណង និងការបង្កើតតុលាការឧក្រិដ្ឋកម្មសង្រ្គាម។ ទោះជាយ៉ាងនេះក្តី មន្ត្រីរុស្ស៊ីបានច្រានចោលលក្ខខណ្ឌទាំងនេះថាមិនប្រាកដនិយម ខណៈពេលដែលបង្ហាញពីការបើកចំហជាទូទៅចំពោះដំណោះស្រាយការទូតក្រោមលក្ខខណ្ឌផ្សេងៗ៕