(កំពង់ឆ្នាំង)៖ ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើអោយតំបន់មួយចំនួនជន់លិច ដោយក្នុងនោះនៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច បើគិតមកដល់ព្រឹកថ្ងៃទី ៨ ខែ តុលា ឆ្នាំ២០១៦នេះ ទឹកភ្លៀងបានជនហូរកាត់ផ្លូវជាតិ ជាង៥០០ម៉ែត្រ ហើយដែលបច្ចុប្បន្នមន្ត្រីនៅ ក្នុងខេត្តកំពុងដឹកអាចម៏ដី យកទៅទប់កំុអោយទឹកហូរកាត់ផ្លូវ នាំបង្កការខូចខាតផងដែរ។
លោក កែវ ពៅ ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាននឹងកំពុងដឹកនាំ កម្លាំងដោយសហការជាមួយ កម្លាំងនគរបាល និងមន្ទីធនធានទឹកខេត្ត យកការ៉ុងច្រកដីទប់ទឹកទាំង កណ្តាលភ្លៀងដែលកំពុង គំរាមកំហែងកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង ៥០០ ម៉ែត្រ នៅភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពង់ឆ្នាំងបានឲ្យដឹងថា ទឹកភ្លៀង នៅល្ងាចមិញមានកម្រិត ៧៩.៥ មីលីម៉ែត្រ និងយប់មិញឈានចូលថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៦ នេះ មានកម្រិត ៨០ មីលីម៉ែត្រ ដោយភ្លៀងគ្រប់ដណ្ដប់ ៧ ស្រុកនិងក្រុង ក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងនោះជំនន់ទឹកភ្លៀងបានជន់លិច ស្ថិតនៅតំបន់ក្រាំងពន្លៃ ហើយទឹកកំពុងលិចផ្លូវចំនួន ២កន្លែងផងដែរ ដោយទី១ នៅខាងត្បូងផ្សារត្រាច ៣០ម៉ែត្រ និងទី២ នៅម្តុំស្ពានក្រាំងពន្លៃ ៦០ម៉ែត្រ និងមានលិចស្រូវប្រមាណ ១៥០ ហិកតានៅស្រុកកំពង់ត្រឡាច និងស្រុក សាមគ្គីមានជ័យ ប្រហែល១២០ ហិកតា៕