(ពោធិ៍សាត់)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍រលាប បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដោយអនុវត្តដីការបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងខេត្តពោធិ៍សាត់ និង២នាក់ទៀត ជាប់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចទល់មុខវត្តឈើទាលរូង ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។
លោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការរងនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលានេះថា ជនសង្ស័យដែលឃាត់តាមដីការ របស់តុលាការនេះ ឈ្មោះ ជា ណាលីត ហៅគូត អាយុ២៦ឆ្នាំ ត្រូវបានលោក ពេជ្រ ចិន្តា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តពោធិ៍សាត់ ចេញដីការបង្គាប់ឲ្យចាប់ខ្លួន លេខ៧២ ន.ខ/១៦ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដែលប្រព្រឹត្តទៅនៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ និងនៅកោះតៃវ៉ាន់ ក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០១៥ តាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោកអធិការរងបានបន្តថា ក្នុងប្រតិបត្តិការបង្គាប់ឲ្យនាំខ្លួន ជនសង្ស័យខាងលើនោះ សមត្ថកិច្ចបានឈានទៅចាប់ខ្លួនជនសង្ស័យ ២នាក់ទៀត ដែលជាប់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ទី១-ឈ្មោះ ស៊ីវន យូណា អាយុ២៣ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងទី២-ឈ្មោះ គីម ឆាយ ហៅឆាយ អាយុ២៦ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
លោកបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទម្សៅក្រាមព័ណ៌ស ១៤កញ្ចប់, កុំព្យូទ័រយួរដៃ២គ្រឿង, Tablet១គ្រឿង, ទូរស័ព្ទ៦គ្រឿង, Camera WATASHI ១គ្រឿង, ពិល១គ្រឿង, កាបូបលុយ២កាបូប, លុយសុទ្ធ ៣លាន ៦០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រៀងញៀន កំពុងរៀបចំ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕