(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន ដឹកនាំដោយលោក Taras Kachkaអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន និងលោក Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ព្រមទាំងមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ច និងស្ថានទូតអ៊ុយក្រែនប្រចាំកម្ពុជា។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្វាគមន៍គណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន ដែលបានឆ្លៀតពេលមកជួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឱកាសដែល លោកអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោុំឯកអគ្គរដ្ឋទូត អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ បានជម្រាបជូនគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ក្របខណ្ឌគោលនយោបាយ, និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលត្រូវបានដាក់ចេញដោយ រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដោយកាន់តែផ្តោតខ្លាំងលើ ការកែទម្រង់អភិបាលកិច្ច និង ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ។
លោក Taras Kachka បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកបណ្ឌិតសភាចារ្យ ដែលបានទទួលជួបគណៈប្រតិភូអ៊ុយក្រែន ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិនិត្យពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និង វិស័យបច្ចេកវិទ្យាព័ត៌មាន រវាងប្រទេសទាំង ២។
លោក Taras Kachka បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាបាលកម្ពុជា ក្នុងការសម្រេចបានសមិទ្ធផលធំៗជាច្រើន ដោយបានប្រែក្លាយកម្ពុជាពីប្រទេសមានសង្គ្រាម និងជាប្រទេសក្រីក្រ ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ជាពិសេស ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានខ្ពស់នៅឆ្នាំ ២០៥០។
ជាមួយគ្នានេះ លោកបានឱ្យក្រុមការងារបច្ចេកទេស ធ្វើបទបង្ហាញអំពីប្រព័ន្ធលទ្ធកម្មអេឡិចត្រូនិក Prozorro ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០១៥។
បន្ទាប់ពីការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈ តាមប្រព័ន្ធលទ្ធកម្មអេឡិចត្រូនិក, ឯកឧត្តមបណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងការអភិវឌ្ឍនិង ដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងលទ្ធកម្មនេះ ប្រកបដោយជោគជ័យ និង ប្រសិទ្ធភាពខ្ពស់។
បណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន បន្តសិក្សាស៊ីជម្រៅលើលទ្ធភាពនៃការជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច និងវិស័យបច្ចេកវិទ្យាព័ត៌មាន៕