(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ នាទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៩ ដល់ទី១០ ខែតុលា ខាងមុខនេះ។
ការអញ្ជើញចូលរួមរបស់ម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ។
សូមជម្រាបថា កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០០២ នាប្រទេសថៃ គឺជាវេទិកាមួយ មានគោលបំណងកសាងសហគមន៍អាស៊ី ឈរលើមូលដ្ឋាននៃភាពរឹងមាំ ពហុភាពធនធានដ៍ស្តុកស្តម្ភ និងភាពប្រកួតប្រជែងរបស់ប្រទេសនីមួយនៅទ្វីបអាស៊ី៕