(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយនេះ លោកស្រី Rhona Smith (រ៉ូណា ស្មីត) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នឹងមកបំពេញទស្សនកិច្ចលើកទី៣ នៅកម្ពុជារយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃ ១០ ដល់ទី២០ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះជាបើតាមសេចក្តីប្រកាសព័ត៌មាន UNHR ចុះថ្ងៃទី៧ ខែតុលា។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ UNHR លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា៖ «បេសកកម្មរបស់ខ្ញុំនឹងផ្តោតសំខាន់លើស្ថានភាពបច្ចុប្បន្ននៃសិទ្ធិមនុស្ស និងការតាមដានការអនុវត្តអនុសាសន៍នានាដែលបានផ្តល់ជូន រដ្ឋាភិបាល ខ្ញុំមានបំណងពិនិត្យ លើប្រធានបទការរើសអើង គឺការវាយតម្លៃពីសិទ្ធិក្រុមជនជាតិភាគតិច និងក្រុមបាត់បង់ឱកាស»។
អំឡុងពេលបំពេញបេសកកម្ម១០ថ្ងៃ នៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងជួបភាគីពាក់ព័ន្ធនានា រួមមាន សមាជិករដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល សហគមន៍ការទូត និងសហគមន៍ពលរដ្ឋផង ដើម្បីប្រមូល ព័ត៌មានដោយផ្ទាល់។ នៅថ្ងៃចុងបញ្ចប់ដំណើរទស្សនកិច្ច លោកស្រីនឹងធ្វើសន្និសីទសារព័ត៌មាន នៅម៉ោង៣ដល់៤ រសៀលថ្ងៃទី១៩តុលា នៅការិយាល័យសិទ្ធិមនុស្សអង្គសហប្រជាជាតិប្រចាំកម្ពុជា (OHCHR)។
គួរបញ្ជាក់ផងដែរ លោកស្រី រ៉ូណា ស្មីត ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងជាអ្នកឃ្លាំមើល និងរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី ក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាជាផ្លូវការ លើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥។ មជ្ឈដ្ឋានជាច្រើន បាននិយាយថា អ្នករាយការណ៍ពិសេសរូបនេះ ហាក់មានគំនិតវិជ្ជមាន ច្រើនជាង លោក សូរិយា ប្រាសាទស៊ូប៊ែឌី។
កាលពីខែមីនា ឆ្នាំ២០១៦ អ្នករាយការណ៍ពិសេសរូបនេះ ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១០ថ្ងៃដែរ ដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិមនុស្ស៕