(ភ្នំពេញ)៖ ឆ្លៀតក្នុងការឱកាសនេះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៧ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩ - ១០ តុលា ២០១៦) និងដើម្បីជ្រាបពីសមិទ្ធផល សារៈសំខាន់ និងតួនាទីធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាងនេះទៅទៀតធនាគារជាតិនៃកម្ពុជា បានផ្តល់ជា DVD ភាពយន្ដឯកសារស្ដីពី «លុយយើង» ជូនសាធារណជនទស្សនានៅតាមបណ្តាទូរទស្សន៍រដ្ឋ និងឯកជន ចាប់ពីថ្ងៃទី ០៩ ដល់ ១១ ខែតុលា ឆ្នាំ២០១៦។
ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ គឺជាទិវាប្រវត្តិសាស្ត្រមួយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត សម្រាប់វិស័យធនាគារ ដោយធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញជាធនាគារកណ្ដាល នៃប្រទេសកម្ពុជាដើម្បីបំពេញមុខងារ និងភារកិច្ចរបស់ខ្លួនជាអាជ្ញាធររូបិយវត្ថុ ជាតិក្នុងការរួមចំណែកកសាងស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា បន្ទាប់ពីថ្ងៃមហាជ័យជម្នះ ៧ មករា ១៩៧៩ លើរបបកម្ពុជាប្រជាធិបតេយ្យ ។
ការបង្កើតធនាគារកណ្ដាល និងការបោះផ្សាយរូបិយវត្ថុជាតិ ដាក់ឱ្យចរាចរឡើងវិញគឺជាផ្នែកមួយ នៃការកសាងអធិបតេយ្យភាព និងអំណាចខាងសេដ្ឋកិច្ចរបស់រដ្ឋ ។ ចាប់តាំងពីការបង្កើតឡើងវិញ ធនាគារជាតិនៃកម្ពុជាបានបំពេញតួនាទី របស់ខ្លួនយ៉ាងសំខាន់ក្នុងការរួមចំណែក អភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យមាន ការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានលក្ខណៈសមាហរណកម្ម ជាមួយប្រទេសក្នុងតំបន់ ។
រហូតមកដល់ត្រឹមថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៦នេះ មានរយៈពេល ៣៧ឆ្នាំ មកហើយដែលធនាគារជាតិ នៃកម្ពុជាត្រូវបានបង្កើតឡើងវិញ ដើម្បីបំពេញមុខងារនិងភារកិច្ចរបស់ខ្លួន ដែលជាធនាគារកណ្ដាល របស់ប្រទេស ហើយសម្រេចបាននូវសមិទ្ធផលផ្នែកគោលនយោបាយ សេដ្ឋកិច្ច និងសង្គម ជាច្រើន ស្របតាមយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយអភិឌ្ឍន៍ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទសមាហរណកម្មអាស៊ានបច្ចុប្បន្ន ៕