(កណ្តាល)៖ ក្រុមហ៊ុន Smart និងអង្គការស៊ីប៉ា (Sipar) បានប្រកាសភាពជាដៃគូថ្មីក្នុងលើកកម្ពស់ការអប់រំ តាមរយៈការផ្តល់ iPad Mini3 ចំនួន៣៦គ្រឿង ដើម្បីបំពាក់នៅក្នុងបណ្ណាល័យ មណ្ឌលធនធាននៅរោងចក្រ កាត់ដេរចំនួន១៨កន្លែង អមជាមួយនឹងកម្មវិធីបើកសម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការបណ្ណាល័យមណ្ឌលធនធាន នៅរោងចក្រកាត់ដេរ TY Fashion ដែលជាបណ្ណាល័យទី៩របស់គម្រោង។
ពិធីសម្ពោធនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧តុលា ដែលមានចូលរួមពីសំណាក់តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូគម្រោងដូចជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) អង្គការCare និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍(CWPD)។
បណ្ណាល័យមណ្ឌលធនធាន គឺជាកន្លែងសម្រាប់អាន រៀន និងស្វែងយល់បន្ថែមពីវិធីថែទាំសុខភាព ហើយគោលបំណងចម្បងក្នុងការបង្កើតបណ្ណាល័យមណ្ឌលធនធាន នៅក្នុងរោងចក្រកាត់ដេរ គឺដើម្បីបង្តើតឱកាសសម្រាប់កម្មករ-កម្មការនីរោងចក្រក្នុងការអភិវឌ្ឍការអប់រំ តាមរយៈការអាន ក៏ដូចជាការថែទាំសុខភាព ដោយក្នុងនោះ យើងមានវគ្គបណ្តុះបណ្តាលអំពីសុខភាព អាហារូបត្ថម្ភ ។ល។
បណ្ណាល័យនេះ ជាផ្នែកមួយនៃគម្រោងរយៈពេលបីឆ្នាំ «ការអភិវឌ្ឍផ្នែកអប់រំ និងសង្គមសម្រាប់កម្មករ-កម្មការនីនៅក្នុងវិស័យរោងចក្រកាត់ដេរនៅកម្ពុជា តាមរយៈបណ្ណាល័យមណ្ឌលធនធាន» ដែលរៀបចំ និងប្រតិបត្តិដោយអង្គការស៊ីប៉ា (Sipar) ក្រោមជំនួយហិរញ្ញប្បទានរួមគ្នាពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(French Development Agency-AFD) មូលនិធិ Weave our Future of Auchan Retail និងម្ចាស់ជំនួយចុងក្រោយគឺក្រុមហ៊ុនស្មាត (Smart) ដែលបានឧបត្ថម្ភជាថេប្លេតសម្រាប់ជួយដល់គម្រោងអភិវឌ្ឍវិស័យអប់រំនេះ។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ាបានលើកឡើងថា «អង្គការស៊ីប៉ាសូមអរគុណដល់ក្រុមហ៊ុនស្មាត (Smart) ដែលបានរួមចំណែកក្នុងគម្រោងនេះ ដោយផ្តល់ជាថេប្លេត ហើយការប្រើប្រាស់ថេប្លេតក្នុងបណ្ណាល័យនេះ នឹងជួយឱ្យកម្មករ-កម្មការនីកាត់ដេរមានលទ្ធភាពទទួលបានព័ត៌មានច្រើន ជាពិសេសកម្មវិធីAppsមួយចំនួន ដែលមានសារៈសំខាន់សម្រាប់ការអនុវត្តលំហាត់ ដែលជាជំនួយដល់ការសិក្សាក្នុងថ្នាក់អក្ខរកម្ម នៅបណ្ណាល័យមណ្ឌលធនធាន។ រហូតមកដល់សព្វថ្ងៃនេះ បណ្ណាល័យមណ្ឌលធនធានទាំង៨ បានបើកឱ្យប្រើប្រាស់ដល់កម្មករ-កម្មការនីចំនួនជាង ១៧,៩៦២នាក់ រួចទៅហើយ សម្រាប់បណ្ណាល័យមណ្ឌលធនធានថ្មីទី៩ នៅរោងចក្រធីវ៉ាយ ហ្វេសិន (TY Fashion) ដែលមានកម្មករ-កម្មការនីចំនួន ៣,៧៤០នាក់ នឹងធ្វើឲ្យកំណើនចំនួនអ្នកទទួលផលពីគម្រោងនេះមានដល់ជាង ២១,០០០នាក់»។
កិច្ចសហការរវាងអង្គការស៊ីប៉ា (Sipar) និងក្រុមហ៊ុនស្មាត (Smart)នេះបានបន្តជាថ្មី ក្រោយពីភាពជោគជ័យនៃភាពជាដៃគូរទៅលើគម្រោងបណ្ណាល័យចល័ត។ កាលពីដើមឆ្នាំ២០១៦ ក្រុមហ៊ុនស្មាតបានគាំទ្រដល់ដំណើរការរបស់បណ្ណាល័យចល័តអង្គការស៊ីប៉ាចំនួន២គ្រឿង ដោយបំពាក់បន្ថែមនូវឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាអំណានដល់ប្រជាជនខ្មែរនៅតាមសហគមន៍។ គម្រោងនេះបានជួយអោយកុមារជាង១,០០០នាក់ទទួលបានសៀវភៅអានជារៀងរាល់ថ្ងៃ និងឱកាសប្រើប្រាស់ Ipads ដែលផ្តល់ដោយក្រុមហ៊ុនស្មាត(Smart)ក្នុងបណ្ណាល័យចល័តទៀតផង។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនស្មាត (Smart Axiata Co., Ltd) បានប្រាប់ឲ្យដឹងថា «ក្រុមហ៊ុនស្មាត មានមោទនភាពក្នុងការធ្វើជាដៃគូររបស់អង្គការស៊ីប៉ា ដោយយើងមានគោលបំណងដូចគ្នាក្នុងការផ្សព្វផ្សាយទម្លាប់អាន ដល់ប្រជាជនខ្មែរ ដែលជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនស្មាតទៅលើវិស័យអប់រំ។
លោក អេតម៉ុន លីម (Edmund Lim) នាយកចាត់ការទូទៅ រោងចក្រកាត់ដេរធីវ៉ាយ ហ្វេសិន (TY Fashion) បានលើកឡើងថា «ក្រុមហ៊ុនថៃយ៉ា តែងតែយកចិត្តទុកដាក់ចំពោះ ការគ្រប់គ្រងធនធានមនុស្ស និងអត្ថប្រយោជន៍របស់បុគ្គលិក ដើម្បីផ្តល់នូវបរិយាកាសការងារដ៏ល្អប្រសើរ ដោយផ្តល់ការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍជំនាញ បង្កើនលទ្ធភាពការងារ និងលើកកំពស់ជីវភាពរបស់ពួកគេ។ ជាក់ស្តែង ដូចជាកិច្ចសហការជាមួយអង្គការស៊ីប៉ា (Sipar)លើបណ្ណាល័យដែលសម្ពោធថ្ងៃនេះ នឹងបើកអោយប្រើប្រាស់សម្រាប់បុគ្គលិកទាំងអស់ ដោយមានជំនួយបច្ចេកទេស ពីអង្គការស៊ីប៉ា(Sipar) យើងនឹងបន្តអភិវឌ្ឍការគ្រប់គ្រង និងការប្រើប្រាស់បណ្ណាល័យឲ្យកាន់តែល្អ ដើម្បីផ្តល់ឱកាសដល់កម្មករ-កម្មការិនីក្នុងការពង្រីកចំណេះដឹង និងបង្កើនទំនុកចិត្តសម្រាប់ពេលអនាគតរបស់ពួកគេ។
គួរបញ្ជាក់ថាគម្រោងនេះមានគោលបំណងបង្កើតបណ្ណាល័យមណ្ឌលធនធានឲ្យបានចំនួន១៨កន្លែង នៅខែមិថុនា ឆ្នាំ២០១៨ខាងមុខ និងធ្វើឱ្យបណ្ណាល័យទាំងនេះក្លាយជាបណ្ណាល័យគំរូ សម្រាប់ពង្រីកគម្រោងទៅរោងចក្រផ្សេងទៀតនាពេលអនាគត។ អង្គការស៊ីប៉ា(Sipar) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) នឹងជ្រើសរើសរោងចក្រចំនួន៩កន្លែងទៀត សម្រាប់ជំហានទី២នៃគម្រោងនេះ៕