(ភ្នំពេញ)៖ កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺលោក ហ៊ុន ម៉ាណែត បានថ្លែងថា ការបំផុសឲ្យមានបាតុកម្មពីសំណាក់លោក ហុង លីម តំណាងរាស្រ្តសភាប្រចាំរដ្ឋ Victoria ប្រទេសអូស្ត្រាលី ដើម្បីប្រឆាំងដំណើរទស្សនកិច្ចរបស់លោកនោះ មិនអាចរារាំងកម្លាំងទឹកចិត្តគាំទ្រ និងការស្រឡាញ់រាប់អានគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរក្នុងប្រទេសអូស្ត្រាលីនោះឡើយ។
លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ បានដឹកនាំថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ប្រមាណ២៣រូបចេញពីកម្ពុជា ទៅប្រទេសអូស្ត្រាលី ដើម្បីធ្វើពិធីជួបជុំជាមួយអ្នកគាំទ្រ ក៏ដូចជាបញ្ចូលសមាជិកបក្សថ្មីនៅទីនោះផងដែរ។
ដំណើរចេញទៅកាន់ប្រទេស អូស្ត្រាលីរបស់លោក ហ៊ុន ម៉ាណែត មិនមានសភាពស្ងប់ស្ងាត់ដូចដំណើរនាពេលកន្លងទៅនោះឡើយ ពោលដំណើររបស់លោកមានការ ធ្វើសកម្មភាពតវ៉ាពី សំណាក់ពលរដ្ឋខ្មែរមួយចំនួននៅអូស្ត្រាលី ក្រោមការបំផុសចលនាពីលោក ហុង លីម ដែលគេដឹងថា មានទំនាក់ទំនងស្និទ្ធជាមួយគណបក្សសង្រ្គោះជាតិជាបក្សប្រឆាំងនៅកម្ពុជា។
ដូចអ្វី ដែលបានគ្រោងទុកមានប្រជាពលរដ្ឋខ្មែរមួយចំនួននៅថ្ងៃទី០៧ ខែតុលា ម្សិលមិញនេះ បានចេញមកលើកបដាតវ៉ាប្រឆាំងលោក ហ៊ុន ម៉ាណែត។ តែលោក ហ៊ុន ម៉ាណែត បានអះអាងនៅលើទំព័រ Facebook របស់លោកនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះថា បាតុកម្មមិនអាចរារាំងដល់ទឹកចិត្តស្រឡាញ់គាំទ្រ ក្នុងឋានៈជាគ្រួសារខ្មែររវាងរូបលោក និងពលរដ្ឋខ្មែរជាង ៦០០នាក់នៅអូស្រ្តាលីបានឡើយ។
លោក ហ៊ុន ម៉ាណែត គ្រាប់ពូជថ្មីដ៏មានប្រជាប្រិយភាពក្នុងគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ក្នុងទំព័រ Facebook របស់លោកថា «ទោះជាមានការបំផុស និងរៀបចំដឹកនាំឲ្យមាន បាតុកម្មប្រឆាំងការជួបជុំគ្នា ដែលមានបាតុករចូលរួមប្រមាណ១៥០នាក់ ក៏មិនអាចរារាំងទឹកចិត្តគាំទ្រការស្រលាញ់រាប់អានគ្នា ក្នុងលក្ខណៈជាខ្មែរតែមួយរបស់បងប្អូនខ្មែរយើងជាង ៦០០នាក់ ដែលរស់នៅក្នុងទីក្រុងម៉ែលប៊ន ដែលបានចូលរួមពិធីពិសារអាហារសាមគ្គី ក្នុងលក្ខណៈមហារគ្រួសារខ្មែរ ដែលបានរៀបចំឡើងនៅល្ងាចថ្ងៃទី៧ តុលា ២០១៦នេះដែរ»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងពិធីនោះក៏ត្រូវបានផ្តល់កិត្តិយសចូលរួមដោយ លោក Bruce Atkinson ប្រធានព្រឹទ្ធសភានៃរដ្ឋ Victoria ផងដែរ។ លោក ម៉ាណែត បានថ្លែងអរគុណជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី។ លោកបានចាត់ទុកសកម្មភាពនេះថា ជាការបង្ហាញនូវស្មារតីសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ។
ក្នុងពិធីសំណេះសំណាលនោះ ត្រូវបានគេរាយការណ៍ថា ធ្វើប្រកបដោយភាពស្និទ្ធស្នាលរវាងលោក ហ៊ុន ម៉ាណែត និងប្រជាពលរដ្ឋខ្មែរ នៅអូស្ត្រាលី។ ពួកគេបានពិភាក្សាពីការប្រែប្រួលរបស់ប្រទេសជាតិពីដំណាក់កាលដ៏លំបាក មកកាន់ដំណាក់កាលមួយដែលកំពុងមាន រីកចម្រើនលូតលាស់ទៅមុខ។ លោក ហ៊ុន ម៉ាណែត និងប្រជាពលរដ្ឋអូស្ត្រាលី ក៏បានសំណេះសំណាលពីការរួមគ្នារក្សានូវវឌ្ឍនភាពជាតិ និងជំរុញឲ្យភាពរីកចម្រើននេះបន្តទៅមុខជានិរន្ត៕