Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាកសិករប្រុងប្រយ័ត្ន នៅតំបន់ដែលមានភ្លៀងច្រើន និងខិតខំរក្សាទឹកទុកនៅតំបន់ដែលមានភ្លៀងតិច ខណៈថ្ងៃស្អែកត្រូវទៅចូលរួមកិច្ចប្រជុំ នៅប្រទេសថៃ

08-10-2016 07:56

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលានេះ បានអំពាវនាវឲ្យប្រជាកសិករ មេត្តាប្រុងប្រយ័ត្ននៅតំបន់ ដែលមានភ្លៀងច្រើន និងខិតខំរក្សាទឹកទុកនៅតំបន់ ដែលមានភ្លៀងតិច ដើម្បីការលូតលាស់នៃដំណាំ ពិសេសដំណាំស្រូវទាំង ស្រូវវស្សាទាំងស្រូវប្រដេញទឹក និងស្រូវប្រាំង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា នៅថ្ងៃអាទិត្យ ទី០៩ ខែតុលាស្អែកនេះ សម្តេចនឹងត្រូវធ្វើដំណើរទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ នៅប្រទេសថៃ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook សម្តេចថា «សប្តាហ៍នេះ ថ្ងៃអាទិត្យស្អែកខ្ញុំត្រូវធ្វើដំណើរ ទៅចូលរួមប្រជុំកំពូលកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ នៅព្រះរាជាណាចក្រថៃ។ ថ្ងៃសៅរ៍ នេះកីឡាវាយកូនគោលទៀតហើយខ្ញុំ។ សូមផ្តាំផ្ញើដល់បងប្អូនប្រជាកសិករ មេត្តាប្រុងប្រយ័ត្ននៅតំបន់ ដែលមានភ្លៀងច្រើន និងខិតខំរក្សាទឹកទុកនៅតំបន់ដែលមានភ្លៀងតិច ដើម្បីការលូតលាស់នៃដំណាំ ពិសេសដំណាំស្រូវទាំងស្រូវវស្សាទាំងស្រូវប្រដេញទឹក និងស្រូវប្រាំង»។

សូមជម្រាបថា ក្រសួងធនធានទឹក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន នៅបណ្តាខេត្តមួយចំនួនដូចជា រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ បន្ទាយមានជ័យ សៀមរាបនិងបាត់ដំបង អាចនឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា និងបង្ករឲ្យមានជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦៕