(ភ្នំពេញ)៖ CLEAR ជាសាប៊ូកក់សក់កម្ចាត់អង្គែឈានមុខគេនៅកម្ពុជា បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយនាំមកនូវការប្រកួតបាល់ទាត់ មិត្តភាពអន្តរជាតិក្លៀរ រវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមហុងកុង ដើម្បីរួមចំណែក ពង្រឹងសមត្ថភាពកីឡាករ ក៏ដូចជាលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ។
ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិក្លៀរនេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី០៦ តុលា នៅឯពហុកីឡាដ្ឋានអូឡាំពិច នាវេលាម៉ោង៦ល្ងាច ដល់ម៉ោង ៩ល្ងាច ។
ការបន្តរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិផ្ទួនៗគ្នា ដ៏គគ្រឹកគគ្រែងបែបនេះ ជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាខ្ពស់ពីសំណាក់ក្រុមហ៊ុន យូនីលីវើកម្ពុជា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលសាប៊ូកក់សក់ក្លៀរជាផ្លូវការនៅប្រទេសកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងឡើងនៅកម្ពុជា និងត្រូវការការអភិវឌ្ឍន៍បន្ថែម ។
លក្ខណៈពិសេសមួយទៀតនៃព្រឹត្តិការណ៍នេះ គឺសាប៊ូកក់សក់កម្ចាត់អង្គែក្លៀរ បានប្រគល់ទឹកប្រាក់២០លានរៀល ដល់ក្រុមជំរើសជាតិកម្ពុជា ក្រោយបញ្ចប់ការប្រកួត ដែលទឹកប្រាក់ទាំងនេះ បានមកពីការរួមចំណែកពីអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា ដែលបានចួលរួមជាវ និង ប្រើប្រាស់សាប៊ូកក់សក់កម្ចាត់អង្គែក្លៀរ។
លោក លី សុធូ តំណាងក្រុមហ៊ុនយូនីលីវើ កម្ពុជា បានមានឲ្យដឹងថា«កាលពីពេលកន្លងទៅ យើងបានរៀបចំយ៉ាងជោគជ័យ នូវការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមជម្រើសជាតិកម្ពុជា និងសិង្ហបុរី ពេលនោះ យើងបានសន្យាថា នឹងរៀបចំការប្រកួតលក្ខណៈអន្តរជាតិ ពិសេសៗបន្ថែមទៀត ដើម្បីជួយពង្រឹង សមត្ថភាពក្រុមកម្ពុជា និងជ្រោមជ្រែងវិស័យកីឡានេះ។ ដោយមានការគាំទ្រយ៉ាងលើសលុប ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ឥឡូវនេះ យើងបានសហការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ដើម្បីអ្នកទាំងអស់គ្នា»។
លោក បានបន្ថែមថា«កីឡានាំមកនូវសុខភាព! សាប៊ូកក់សក់ ក្លៀរ មានមោទនភាពដែលបាន សហការជាដៃគូ ជាមួយនឹង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នាំមកជូនព្រឹត្តិការណ៍បាល់ទាត់នេះ ហើយយើងជឿជាក់យ៉ាងមុតមាំថា ការចូលរួមចំណែករបស់យើងកន្លងមកនេះ នឹងនាំឲ្យវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែមានភាពរីកចម្រើនទៅថ្ងៃអនាគត» ។
ក្រៅពីមានការប្រកួតបាល់ទាត់ សាប៊ូកក់សក់ ក្លៀរ ក៏បានរៀបចំសកម្មភាពកម្សាន្តមួយចំនួន ដើម្បីបង្កភាពរីករាយ ដល់អ្នកចូលរួមទស្សនា ជាមួយការគូរមុខ និង ការសម្តែងទង់គាំទ្រក្រុមកម្ពុជាផងដែរ៕