Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន ចុះ MoU ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ផ្តោតសំខាន់លើការលើកកម្ពស់វិស័យស្រូវអង្កររបស់កម្ពុជា

07-10-2016 21:46

(ភ្នំពេញ)៖ ក្រសួង​បរិស្ថាន និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៧ ខែតុលានេះ បានចុះអនុស្សរណៈនៃ​ការយោគយល់​គ្នា ស្តីពីការ «វាយតម្លៃហេតុប៉ះពាល់បរិស្ថាន» នៅ​ទី​ស្ដីការ​ក្រសួង​បរិស្ថាន ដោយលោក សាយ​ សំអាល់ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន និងលោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

ការចុះអនុស្សរណៈនៃការយោគយល់​នេះ​ ដើម្បីបង្ហាញ​ពី៖

១.ការ​អនុវត្តគោលនយោបាយ​ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំអង្ករចេញឲ្យ​បាន ​១លាន​​តោន​ក្នុងមួយឆ្នាំ។

២.ជំរុញលើកទឹកចិត្ត និងការគិតគូរខ្ពស់ ដល់កសិករសហគ្រិន និងវិនិយោគិនក្នុងការផលិត ​អង្ករ​សម្រាប់​​ការ​នាំចេញ​ទៅ​ក្រៅប្រទេស។

៣.បង្កើន​គុណភាព​អង្ករ នៅកម្ពុជាដែលគ្មានសារជាតិគីមី និង​មាន​ការជឿជាក់ពីអតិថិជន។

៤.ធានាការចូលរួមអភិវឌ្ឍន៍ រោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ​ប្រកប​ដោយនិរន្តរភាពបរិស្ថាន។

គួរបញ្ជាក់ថា មូលដ្ឋានកិនស្រូវ និងគ្រាប់ធញ្ញជាតិ ជាប្រភេទគម្រោងមួយ ដែលតម្រូវឱ្យរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានយល់ឃើញថា ដើម្បីលើកទឹកចិត្តដល់កសិករ និងជួយកាត់បន្ថយភាពក្រីក្រ ព្រមជាមួយការទាក់ទាញ វិនិយោគិនក្នុងស្រុក នៅក្រៅស្រុកឱ្យធ្វើការវិនិយោគឱ្យបានកាន់តែ ច្រើនទៅលើគម្រោង បង្កើតម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ ហើយជាពិសេសក្រសួងបរិស្ថាន បានពិនិត្យឃើញថា ប្រភេទ គម្រោងទាំងនេះ មានទំហំប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសង្គមតិចតួច ដូច្នេះក្រសួងបរិស្ថានបានសម្រេចឱ្យប្រភេទ គម្រោងបង្កើតរោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករធ្វើត្រឹមកិច្ចសន្យាការពារបរិស្ថាន ដោយភ្ជាប់មកជាមួយនូវផែនការគ្រប់គ្រង បរិស្ថានរបស់ខ្លួន៕