(ភ្នំពេញ)៖ របបរាជានិយម គឺជារបបដែលចាក់ជ្រៅក្នុងក្រឳបេះដូងប្រជារាស្ត្រខ្មែរ តាំងពីសម័យដើម នៃបុព្វបុរសខ្មែរ។ ប្រវត្តិសាស្ត្របានបង្ហាញថា បបរាជានិយម បានបាត់បង់វត្តមានយ៉ាងហោចជាង៣០ឆ្នាំ ដោយសារតែការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយក្រុមក្បត់ជាតិ លន់ នល់, ចេង ហេង និងទ្រង់សិរីមតៈ។ Fresh Exclusive មានសេចក្ដីរាយការណ៍ដូចតទៅ៖
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គឺជាខួប២០ឆ្នាំនៃព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ របបរាជានិយម នៃប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់នៅក្នុងប្រវត្តិសាស្ត្ររបស់ជាតិខ្មែរតាំងពីដើមរៀងមក ប៉ុន្តែបានឆ្លងកាត់នូវដំណាក់កាលដ៏គគ្រោតគគ្រាត ដោយសារតែមានក្រុមក្បត់ជាតិធ្វើរដ្ឋប្រហារ និងទើបតែបានរស់រានសាឡើងវិញក្នុងរយៈ៣១ឆ្នាំចុងក្រោយនេះទេ។
របបរាជានិយម ដែលត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ដឹកនាំដោយជនក្បត់ជាតិ លន់ នល់, ចេង ហេង និង ទ្រង់សីរីមតៈ បាននាំឱ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលជិត៣០ឆ្នាំ។ ក្តីសង្ឃឹមនៃការវិលត្រឡប់របស់របបរាជានិយម ទើបតែមានពន្លឹមកវិញនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និង២២ថ្ងៃ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស ដោយភាគីជម្លោះខ្មែរទាំងបួនក្រុមនោះមកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន អមព្រះរាជដំណើរសម្តេចព្រះ នរោត្តម សីហនុ និងព្រះជាយាពីរដ្ឋធានីប៉េកាំង យាងវិលត្រឡប់មកមាតុប្រទេសវិញ បន្ទាបពីក្សត្រទាំងទ្វេរ បានគង់ក្នុងភាពនីរទេសអស់ជាច្រើនឆ្នាំ។
* តើរបបរាជានិយម រស់ឡើងវិញដោយរបៀបណា?
ស្រុកទេសខ្មែរ បានជួបប្រទះនឹងភ្លើងសង្គ្រាមក្រោយរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បន្ទាប់ពីរបបរាជានិយម ត្រូវបានក្រុមក្បត់ជាតិផ្តួលរំលំ ក្រោមលេសនយោបាយចោទប្រកាន់ថាអតីតព្រះប្រមុខរដ្ឋសម្តេចព្រះ នរោត្តម សីហនុ បានកាត់ទឹកដីខ្មែរលក់ឱ្យយួនយៀកកុង យៀកណាមខាងជើង។ ជនក្បត់ជាតិ លន់ នល់, ចេង ហេង និងទ្រង់សីរីមតៈ បានផ្លាស់ប្តូរទំរង់ដឹកនាំពីរបបរាជានិយមជំនាន់នោះ ឱ្យក្លាយទៅជារបបសាធារណរដ្ឋ ដែលទាំងនេះគឺជាដើមចមដ៏ធំបំផុតនៃការនាំស្រុកទេសខ្មែរ ឱ្យធ្លាក់ចូលក្នុងហាយនភាពសង្គ្រាម។ សហរដ្ឋអាមេរិក បានគាំទ្រអំពើរដ្ឋប្រហារក្បត់ជាតិនោះ និងបានផ្តល់ជំនួយដល់ក្រុមធ្វើរដ្ឋប្រហារទាំងនោះថែមទៀត។
រដ្ឋប្រហាររំលាយរបបរាជានិយមនៅក្នុងខែមីនា ឆ្នាំ១៩៧០នាពេលនោះ គឺក្នុងរង្វង់ពេលដែលសម្តេចព្រះ នរោត្តម សីហនុ កំពុងយាងបំពេញព្រះរាជទស្សនកិច្ចក្នុងប្រទេសបារាំង។ ក្រោយការធ្វើរដ្ឋប្រហារ, លន់ នល់ បានក្លាយជាមេដឹកនាំថ្មីដោយបានធ្វើការកែច្បាប់ និងកែរដ្ឋធម្មនុញ្ញជាតិ ផ្លាស់ប្តូររបបពីរាជានិយម ក្លាយជារបបសាធារណរដ្ឋជាមួយនឹងការចាប់ដាក់គុកនូវសែរាជវង្សខ្លះ ដែលស្មោះត្រង់នឹងសម្តេចព្រះ នរោត្តម សីហនុ។ របៀបវារៈសំខាន់នៃការដឹកនាំនយោបាយរបស់ លន់ នល់ នាពេលនោះ គឺការបណ្តេញជនជាតិវៀតណាមចេញពីទឹកដីកម្ពុជា ដែលមិនខុសគ្នាពីរបៀបវារៈនយោបាយរបស់ក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី និងបក្ខពួក ដែលបាននិងកំពុងធ្វើការសាបព្រួសពីក្រៅប្រទេសនាបច្ចុប្បន្ននេះឡើយ។ បាវចនាព្រះរាជបល្ល័ង្គ បានបំផ្លាញអស់ទាំងស្រុង ក្នុងរបបសាធារណរដ្ឋខ្មែរដឹកនាំដោយ លន់ នល់ នោះ។
សង្គ្រាមក្នុងស្រុកអស់រយៈពេលជាង៥ឆ្នាំ ដែលមានមនុស្សស្លាប់ជាងកន្លះលាននាក់ បាននាំកម្ពុជាឱ្យធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម។ របបកម្ពុជាប្រជាធិបតេយ្យ ដែលផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ បានបន្តនាំប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមកាន់តែធ្លាក់ចូលក្នុងស្ថាននរកអវចី ដោយក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃការគ្រប់គ្រងរបស់ខ្លួននោះមានពលរដ្ឋខ្មែរ ជាងបីលាននាក់ត្រូវបានបាត់បង់ជីវិតដោយការសម្លាប់ ការចោទថាជាគិញបរទេស ការចាប់ដាក់គុកពលរដ្ឋណាដែលជាអតីតទាហាន អ្នករដ្ឋការ គ្រូបង្រៀន សាស្ត្រាចារ្យ បញ្ញវ័ន្តខ្មែរ ការបង្ខំពលរដ្ឋឱ្យធ្វើពលកម្មធ្ងន់ធ្ងរដោយការបង្អត់អាហារ ឬផ្តល់អាហារបបររាវតិចតួចទទួលទានមិនឆ្អែត, សុខភាពខូចខ្ទេចខ្ទាំ, មនុស្សធ្លាក់ខ្លួនឈឺ ខ្លះស្លាប់ដោយសារគ្មានថ្នាំសង្កូវព្យាបាលជាដើម។ ក្នុងរបបដឹកនាំខ្មែរក្រហម ជាមួយនឹងបាវចនាព្រះរាជបល្ល័ង្គ ដែលរលាយបាត់ទៅហើយនោះ ក្រុមធ្វើបដិវត្តន៍ស្លៀកខោអាវខ្មៅ នៅបាន រលាយបាវចនាសាសនាថែមទៀត។ ព្រះសង្ឃត្រូវបានចាប់ផ្សឹក, វត្តអារាមក្លាយជាគុកដាក់អ្នកទោស និងសម្លេងសូត្រធម៌ ដែលតែងតែឮតាមវត្តអារាម ប្រែក្លាយជាទីស្ងាត់ជ្រងំ និងគ្មានប្រទេសណា, ក្រុមសិទ្ធិមនុស្សណា ក្រុមប្រជាធិបតេយ្យណាបានមកឈឺឆ្អាល ឬស្រែកថា មានអំពើបំពានសិទ្ធិមនុស្សឡើយ។
របបកាប់សម្លាប់កម្ពុជាប្រជាធិបតេយ្យរបស់ក្រុមខ្មែរក្រហម ក្រោយមកត្រូវបានផ្តួលរំលំ ដោយកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដឹកនាំដោយសម្តេច ហេង សំរិន, សម្តេច ជាស៊ីម និងសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងកិច្ចសហការរវាងកងទ័ពស្ម័គ្រចិត្តវៀតណាម ដោយបានវាយផ្តួលរំលំរបប ប៉ុល ពត និងទទួលបានជ័យជម្នះទាំង ស្រុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោមការជួយរំដោះនោះ បាវចនាសាសនា បានវិលត្រឡប់មកវិញដោយកងកម្លាំងរណសិរ្ស ក្រោយមកបានក្លាយជាកងកម្លាំងជាតិនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតឱ្យមានជំនឿលើសាសនានិងវត្តអារាមវិញ។
ប៉ុន្តែការជួយសង្គ្រោះខ្មែរ ការធ្វើឱ្យបាវចនាសាសនា បានរស់សាឡើងវិញនិងបានរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហមនោះ បែរជាត្រូវបានសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មទៅវិញជាពិសេសសហរដ្ឋអាមេរិក នៃប្រទេសដើមចមដែលនាំឱ្យកម្ពុជាមានរដ្ឋប្រហារ និងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលកាលពីអតីតកាលនោះ។
ឯកសារទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជារវាងពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០ បានសរសេរបង្ហាញអំពីប្រវត្តិពាក់ព័ន្ធនៃសង្គ្រាម និងចរិតនយោបាយរបស់សហរដ្ឋអាមេរិកនេះ។ ឯកសារបានសរសេរបង្ហាញថា ក្នុងពេលដែលកម្ពុជា បានធ្លាក់ចូលក្នុងការគ្រប់គ្រងនៃរបបកាប់សម្លាប់កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមរវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ នោះ គឺមិនមែនសហរដ្ឋអាមេរិក មិនដឹងសោះអំពីរឿងដែលកើតឡើងក្នុងប្រទេសកម្ពុជានោះឡើយ។
នៅឆ្នាំ១៩៧៨ ប្រធានាធិបតីអាមេរិកទី៣៩ របស់អាមេរិកគឺលោក Jimmy Carter បានចេញសេចក្តីថ្លែងការមួយថ្កោលទោសសកម្មភាពរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ហើយថែមទាំងបានប្រើពាក្យ «ប្រល័យពូជសាសន៍» នៅក្នុងសេចក្តីថ្លែងការណ៍នោះថែមទៀត។ មានន័យ ថាប្រធានាធិបតីអាមេរិក ក៏បានដឹងអំពីករណីកាប់សម្លាប់រង្គាលនៅក្នុងប្រទេសកម្ពុជានោះដែរ ប៉ុន្តែសហរដ្ឋអាមេរិកនៃប្រទេសអួតអាងជាបិតា លទ្ធិប្រជាធិបតេយ្យ មិនបានជួយសង្គ្រោះខ្មែរដែលរងទុក្ខវេទនា ឬយកទុក្ខសោករបស់ខ្មែរ ក្នុងជំនាន់នោះប្រកាសឱ្យពិភពលោកបានដឹងឡើយ។
ដោយសារតែផលប្រយោជន៍នយោបាយ របស់សហរដ្ឋអាមេរិកប្រឆាំងអតីតសហភាពសូវៀត ដែលវៀតណាមបានគាំទ្រក្នុងពេលនោះ បានតម្រូវឱ្យសហរដ្ឋអាមេរិក ធ្វើគ និងថ្លង់ មើលមិនឃើញទុក្ខវេទនារបស់ខ្មែរក្នុងពេលនោះឡើយ។ ផលប្រយោជន៍នយោបាយនោះ បានតម្រូវឱ្យសហរដ្ឋអាមេរិក បែរជាទុកឱ្យកម្ពុជារងគ្រោះជាបន្តទៀតសិន និងរហូតដល់ពេលដែលមហាកំពែងក្រុងប៊ែឡាំង នៃប្រទេសអាល្លឺម៉ង់ បានរលាយចូលគ្នាមកវិញនៅចុងឆ្នាំ១៩៨៩ ទើបប្រទេសមហាអំណាចបានងាកមកមើលកម្ពុជាដែលកាន់តែខ្ទេចខ្ទាំអស់ទៅហើយ។ ខណៈខ្មែរទាំងបួនក្រុម បានជួបចរចាគ្នានោះគេសង្កេតឃើញមានតែភាគីរដ្ឋាភិបាលសា ធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយលោក ហេង សំរិន-ហ៊ុន សែន និង ភាគីហ្វ៊ុន ស៊ិនប៉ិច ដឹកនាំដោយអតីតព្រះមហាក្សត្រនរោត្តម សីហនុ តែប៉ុណ្ណោះ ដែលជាភាគី មានបំណងពិតក្នុងការស្វែងរកសន្តិភាពមកឲ្យមាតុភូមិកម្ពុជាវិញ។
ភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតនូវជំនួបចរចាលើកទី១ រវាងភាគីខ្មែរ គឺរវាងលោក ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ ដែលជំនួបនោះបានប្រព្រឹត្តទៅដំបូងនៅ Fere-En-TARDENOIS ក្នុងប្រទេសបារាំង រវាងពីថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧ បន្ទាប់មកគឺការចរចា សីហនុ-ហ៊ុន សែនលើកទី២ ប្រព្រឹត្តនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ក្នុងប្រទេសបារាំង។
ផ្តើមចេញពីជំនួបបើកផ្លូវរវាងសម្តេច សីហនុ និងលោក ហ៊ុន សែន ទាំងពីរលើកនេះហើយទើបចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើង។ វេទិកាចរចាត្រូវ បានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយចំនួនដូចជាវេទិកានៅ JIM1 JIM2 ដែលគេស្គាល់ថា Jakarta Informal Meeting លើកទី១ និងលើកទី២ និងកិច្ចប្រជុំ IMC Informal Meeting of Cambodia រហូតឈានទៅដល់សន្និសីទទីក្រុងប៉ារីស ដែលចុងក្រោយបានឈានទៅដល់ការចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
២២ថ្ងៃ បន្ទាប់ពីមានកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសនោះរួចមកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអមព្រះរាជដំណើរ អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និងព្រះជាយា យាងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះអង្គទ្រង់ក៏បានឡើងគ្រងរាជ្យសម្បត្តិសាឡើងវិញ។ តាមរយៈកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន បាវចនាព្រះរាជបល្ល័ង្គ បានវិលត្រឡប់មកវិញចាប់តាំងពីពេលនោះមក។
នៅក្នុងឆ្នាំ ២០០៤ សម្តេចព្រះនរោត្តមសីហនុ បានដាក់រាជ្យ និងប្រគល់ឱ្យព្រះរាជបុត្រា សម្តេចព្រះ នរោត្តម សីហមុនី សោយរាជ្យបន្តរហូតមកទល់បច្ចុប្បន្ននេះ។ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានយាងចូលទីវង្គតក្នុងឆ្នាំ២០១២ ក្នុងជន្មាយុ៩០ព្រះវស្សា។
ប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញថា ការរស់ឡើងវិញនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គឺច្បាស់ណាស់ ដោយសារតែមានភាពប្តេជ្ញាចិត្ត និងការហ៊ានធ្វើពលិកម្មដ៏ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា ការរត់ចូលព្រៃ «ម៉ាក់គី» ដើម្បីធ្វើការតស៊ូនោះ គឺតបតាមព្រះរាជបន្ទូលអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ក្នុងឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីព្រះប្រមុខរដ្ឋ។
ប៉ុន្តែដោយសារអំពើក្បត់ជាតិរបស់ ប៉ុល ពត, នួន ជា, អៀង សារី និងខៀវ សំផន នោះទេទើបបាននាំ ប្រទេសដែលរំដោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឱ្យធ្លាក់ចូលក្នុងអំពើកាប់សម្លាប់រង្គាល។ ប្រវត្តិសាស្ត្រ បានសរសេរកត់ត្រាទុកថា ដើម្បីរំដោះប្រទេសជាតិចេញរួចផុតពីអំពើសម្លាប់រង្គាលនៃរបបខ្មែរក្រហមនោះ សម្តេច និងសហការី បានរត់ចូលព្រៃធ្វើការតស៊ូម្តងទៀត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងតាមរយៈការតស៊ូនោះហើយ បាននាំឱ្យមានការបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ សហការជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាម ធ្វើការវាយប្រយុទ្ធបណ្តេញពួក ប៉ុល ពត រហូតទទួលបាន ជោគជ័យទាំងស្រុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប្រវត្តិសាស្ត្រ បានកត់ត្រាទុកថា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះហើយ ដែលមិនត្រឹមតែជាអគ្គមគ្គុទេសក៍នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេច គឺជាឥស្សរជនកំពូលដ៏ឆ្នើមរបស់ជាតិ ដែលបានធ្វើឱ្យរស់ឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដូចបានឃើញនាបច្ចុប្បន្ននេះ៕