Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការពារជាតិ ស្នើឱ្យចាត់វិធានការលើករណីបន្លំ ស្លៀកពាក់ទាហាន ហើយលើកស្លាកគណបក្សសង្រ្គោះជាតិ នៅស្រុកគូលែន

07-10-2016 21:44

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ បានស្នើឱ្យមានវិធានការណ៍តាមផ្លូវច្បាប់ ចំពោះករណី បន្លំប្រើប្រាស់ឯកសណ្ឋាណយោធាកម្ពុជា ដើម្បីលើកស្លាកគណបក្សសង្រ្គោះជាតិ នៅស្រុកភ្នំគូលែន ខេត្តព្រះវិហារ។ ក្រសួងការពារជាតិ បានចាត់ទុកថា ករណីនេះគឺជាការបង្ខូចដល់កិត្តិយសកងយោធពលខេមរភូមិន្ទ។

ប្រតិកម្មរបស់ក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គម Facebook បានផ្សព្វផ្សាយនូវរូបភាព និងវីដេអូ សកម្មភាពលើកស្លាកគណបក្សសង្គ្រោះជាតិ នៅស្រុកគូលែន ដោយក្នុងនោះមានបុរសពាក់ឯកសណ្ឋានយោធាចូលរួម លើកស្លាកនេះដែរ។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងប្រាប់ Fresh News ឱ្យដឹងថា ក្រសួងការពារជាតិ បានបដិសេធអំពីករណីនេះ។ លោកថា «ថ្មីៗនេះ មានការ បង្ហោះរូបប្រជាជនស្លៀកពាក់កងទ័ព លើកស្លាកគណបក្សសង្រ្គោះជាតិ  នៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ គឺជាការបោកប្រាស់មានបំណង បង្ខូចកិត្តិយស កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ សូមបដិសេធដាច់ខាតនូវសកម្មភាពបោកប្រាស់ គ្មានការពិតនេះ និងសូមចាត់វិធានការណ៌តាមច្បាប់ចំពោះអំពើល្មើសច្បាប់នេះ»

សូមបញ្ជាក់ថា នាថ្មីៗនេះ កងពលធំអន្ដរាគមន៍លេខ៣ តំបន់ខេត្តព្រះវិហារ ក៏បានចេញមកប្រតិកម្មនឹងករណីនេះដែរ។ អង្គភាពនេះបានចាត់ទុកថា ការប្រើប្រាស់ពាក់ឯកសណ្ឋានយោធារបស់កងពលធំអន្ដរាគមន៍៣ ទៅលើក ស្លាកគណបក្ស សង្គ្រោះជាតិ និងថតបង្ហោះតាម Facebook នេះ គឺជាការបំភ័ន្ដភ្នែកសាធារណជន ទាំងក្នុងនិងក្រៅប្រទេសឲ្យយល់ប្រឡំ ថា មានកងទ័ពគាំទ្រគណបក្សសង្គ្រោះជាតិ៕