(ភ្នំពេញ)៖ សហរដ្ឋអាមេរិកតាមរយៈអង្គការ NPA នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ បានសម្រេចផ្តល់ជំនួយនូវថវិកាចំនួន ១.៩លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សកម្មភាពបោសំអាត សំណល់ជាតិផ្ទុះពីសង្គ្រាម របស់មជ្ឈមណ្ឌលកម្ចាត់ មីនកម្ពុជា (ស៉ីម៉ាក់)។
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកថា «នៅថ្ងៃទី០៧ខែតុលានេះ ខ្ញុំបានចុះហត្ថលេខាជាមួយប្រធានអង្គកា NPA ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ជំនួយចំនួនជាង១.៩លាន ដុល្លារអាមេរិក តាមរយៈអង្គការ NPA ដើម្បីគាំទ្រសកម្មភាពបោសសំអាត សំណល់ជាតិផ្ទុះ ពីសង្គ្រាមរបស់អង្គភាពស៉ីម៉ាក់ នៅបណ្តាខេត្តទិសខាងកើត នៃប្រទេសកម្ពុជាសំរាប់រយៈពេល១២ខែ (វិច្ឆិកា ២០១៦-តុលា២០១៧)»។
លោកបន្តថា គំរោងនេះមានរយៈពេល១២ខែ ចាប់ដើមខែវិចិ្ឆកាឆ្នាំ២០១៦ ដល់ចុងខែតុលា ឆ្នាំ២០១៧ ដែលមានកំលាំង ប្រតិបតិ្តការចំ នួនជាង២៣០នាក់ និងត្រូវរំដោះផ្ទៃដីចំការគ្រាប់ជាអាទិភាព នៅខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ជាដើម ដែលត្រូវបោសសំអាតតំបន់ចំការមីនគ្រាប់បែក ប្រមាណ១២គីឡូម៉ែត្រក្រឡា។
សូមបញ្ជាក់ថា គិតពីឆ្នាំ១៩៩៥ មកដល់ពេលនេះ (១៩៩៥-២០១៧) រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ថវិកាមក ស៉ីម៉ាក់ចំនួនប្រមាណ៤០លានដុល្លារ បន្ថែមលើសនេះក៏មានជំនួយសម្ភារ និងការហ្វឹកហ្វឺនផងដែរ។
លោក ហេង រតនា បានលើឡើងថា «តាងនាមជនរងគ្រោះ សហគមន៍ និងមន្រ្តីស៉ីម៉ាក់ ខ្ញុំសូមសំដែងការអរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បានបន្តគាំទ្រដល់សកម្មភាព មនុស្សធម៌របស់ស៉ីម៉ាក់។ យើងសង្ឃឹមយ៉ាង មុតមាំថា កាព្វកិច្ចខាងសីល៌ធម៌ (moral obligation) នឹងត្រូវបានផ្តល់ជូនប្រជាជនកម្ពុជា ដូចរដ្ឋនិងប្រជាជនជិតខាងដែរ។ កាព្វកិច្ចខាងសីលធម៌ ពិតជាមិនត្រូវវើសអើសឡើយ ចំពោះអ្នករងគ្រោះក្នុងសង្គ្រាមតែមួយ ក្នុងពេលតែមួយ!»។
សូមជម្រាបថា កាលពីថ្ងៃ២៧ ខែកញ្ញា ឆ្នាំ០១៦ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលិខិតប្តូរសារ សំរាប់គាំទ្រការបោសសំអាតមីន ដោយរដ្ឋាភិបាលជប៉ុន បានសំរេចផ្តល់ជំនួយ ជាផ្លូវការចំនួន ១,៨១០លានយ៉េន ប្រមាណ១៧.៦លានដុល្លាអាមេរិក។
លិខិតប្តូរសារនោះ សំរាប់គាំទ្រគំរោងសមាហរណកម្មការបោសសំអាតមីន និងសង្គ្រោះជនពិការដោយសារមីនសំរាប់ រយៈពេល៣ឆ្នាំ (វិចិ្ឆកា ២០១៦ ដល់ ខែតុលា ២០១៧) នៅស្រុកគោលដៅចំនួន៤ ស្រុកបរវេល រតនមណ្ឌល បាណន់ និងស្រុកសំឡូត ហើយក្នុងគំរោងនេះ រាជរដ្ឋាភិបាលក៏សំរេចផ្តល់ថវិកា១.២លានដុល្លាអាមេរិក ដែលជាថវិកាបដិភាគ រាជរដ្ឋាភិបាល រួមចំណែកជាមួយថវិកាជំនួយជប៉ុន ដូចនេះសរុបថវិកាគំរោងស្មើនឹងជាង១៨.៨លានដុល្លាសហរដ្ឋអាមេរិក៕