(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់យើងឱ្យបានកាន់តែល្អ បន្ថែមទៀត និងត្រូវប្រឹងឱ្យលើសពីអ្វីដែលយើងអាចធ្វើបាន ដើម្បីបម្រើសេវាថែទាំ និងព្យាបាល ប្រជាជនយើង ពិសេសសង្គ្រោះជីវិតអ្នកជំងឺ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ​រដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិត ក្រោមម្លប់សន្ដិភាព» ដើម្បីអបអរសាទរខួបមួយឆ្នាំ នៃការបើកដំណើរការមន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ពេលដែលបម្រើការងារ ត្រូវបងប្អូនយើងទាំងអស់ ខិតខំឱ្យអស់ពីលទ្ធភាព និងលើសពីការធ្វើទៅបាន ដើម្បីបង្រួមនូវពេលវេលាដែលយើងត្រូវធ្វើក្នុងរយៈពេលវែង មកត្រឹមរយៈខ្លី។ ជាក់ស្ដែងដូចមន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់រួចរាល់ប្រើរយៈពេលតែ ១ឆ្នាំប៉ុណ្ណោះ គឺលើសពីការអាចធ្វើបាន ដែលសង់មន្ទីរពេទ្យមួយមានរហូតដល់ជិត១ពាន់គ្រែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងរយៈពេល១ឆ្នាំ»។ ដូច្នេះសូមថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយើងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រជាជនយើង»

ជាងនេះទៅទៀត លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី សូមឱ្យថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់ ធ្វើកិច្ចការងាររបស់ខ្លួនឱ្យល្អបំផុត លើសពីការអាចធ្វើទៅបាន ហើយត្រូវចង់ចាំ និងចៀសវាងការធ្វើអ្វីមួយដែលមិនល្អ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ត្រូវបានសាងសង់ឡើងដោយបានមកបទពិសោធន៍ដ៏ឈឺចាប់កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលពេលនោះកម្ពុជាពុំទាន់មានទីកន្លែងគ្រប់គ្រាន់ក្នុងការទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ រាប់ម៉ឺននាក់ ដែលស្ថានការពេលនោះ គឺមានអត្រាឆ្លងខ្ពស់ និងចំនួនអ្នកស្លាប់មានក៏ច្រើនផងដែរ។

ខណៈនោះដោយមានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យលោកអភិបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល និងបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ និងដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដោយឱ្យមន្ទីរពេទ្យនេះផ្ដោតសំខាន់ក្នុងការទទួលព្យាបាលទូទៅ និងជំងឺឆ្លងនានា ព្រមទាំងអន្ដរាគមន៍ក្នុងការជួយសង្គ្រោះករណីមានគ្រោះមហន្តរាយ ដែលអាចឡើងជាយថាហេតុ និងក្នុងគោលបំណងកាត់បន្ថយអ្នកជំងឺចាល់នៅមន្ទីរពេទ្យជាតិនានាក្នុងរាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានឱ្យដឹងថាមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយអនុក្រឹត្យលេខ៦១ អនក្រ.បក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ដោយបច្ចុប្បន្នមន្ទីរពេទ្យបានដាក់ដំណើការគ្រែចំនួនសរុប៧៥០ គ្រែ និងមានមន្រ្តីសរុប ៧៣២ នាក់ (ស្រី ៣៦៨ នាក់) មន្រ្តីក្របខណ្ឌ៣៩៤នាក់ (ស្រី ២០៧ នាក់) មន្រ្តីជាប់កិច្ចសន្យា ២៩០នាក់ (ស្រី ១៣៩ នាក់) បុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យ ៤៨នាក់ (ស្រី ២២នាក់)។ បុគ្គលិកសុខាភិបាលមានចំនួន ៥៣៥នាក់ (ស្រី ២៨៨នាក់ )បុគ្គលិកមិនមែនសុខាភិបាលមានចំនួន ១៩៦នាក់ (ស្រី ៨៣នាក់)។

ដើម្បីអនុវត្តន៍ស្របតាមកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និង យុទ្ធសាស្ត្របញ្ចកោណ ដំណាលកាលទី១ ស្ដីពីការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ ការពង្រីក ការថែទាំសុខភាព របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងមូលនិធិសមធម៌ មន្ទីរពេទ្យបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការព្យាបាល និងបម្រើសេវាសុខភាពប្រជាពលរដ្ឋដោយមិនរើសអើងឡើយ តួយ៉ាងចាប់តាំងពីបើកដំណើរការរហូតដល់បច្ចុប្បន្នមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ទទួលបានអ្នកជំងឺសរុបចំនួនករណី ១៥២,៥២២នាក់។

*ពិគ្រោះជំងឺក្រៅចំនួន៖ ១៣៦,៧២៥នាក់
*សម្រាកពេទ្យចំនួន៖ ១៥,៧៩៧នាក់
*វះកាត់ធំ៖ ចំនួន ១៧៥៤ករណី
*វះកាត់តូច ចំនួន៖២៩៥ករណី
*អមវេជ្ជសាស្ត្រចំនួន៖ ២៧៦,៥៧០ករណី
*ចំនួនសម្រាលកូនសរុប៖ ២,៩១៨នាក់

ក្នុងចំណោមអ្នកជំងឺមកទទួលសេវានៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ខាងលើ ភាគច្រើនជាសមាជិក ប.ស.សមានចំនួន៤៥.២% អ្នកជំងឺបង់ប្រាក់២៩.៥២% អ្នកជំងឺមូលនិធិសមធម៌មានចំនួន ២៤.១២% និងអ្នកជំងឺលើកលែងបង់ប្រាក់មានចំនួន ១.១១%។

សម្រាប់នៅថ្ងៃទី២៨ ខែតុលានេះ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងមន្ដ្រីបុគ្គលិកនៃមន្ទីរពេទ្យ ក៏បានផ្ដល់ឈាម សង្គ្រោះជីវិតមនុស្សផងដែរ ជាពិសេសលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា បានផ្ដល់កិត្ដិយសក្នុងការចាក់ម្ជុលបូបឈាមជូនមន្ដ្រីក្រោមឱវាទ ដែលបញ្ជាក់ឱ្យឃើញពីការសាមគ្គីរួបរួមគ្នា រវាងថ្នាក់ដឹកនាំ និងកូនចៅ ក្នុងនាមជាគ្រួសារតែមួយ ដែលប្រឹងប្រែងពួនដៃគ្នា ជួយសង្គ្រោះជីវិតអ្នកជំងឺ។

ក្នុងនោះដែរ ក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំនួន ៣៩រូប រួមមាន៖ មេដាយមាសការងារ, មេដាយប្រាក់ការងារ, និងមេដាយសំរិទ្ធការងារ ដែលមានស្នាដៃ និងដើម្បីជាការរលើកទឹកចិត្ត ក្នុងការខិតខំបំពេញភារកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀត៕