(អូស្ដ្រាលី)៖ ប្រជាពលរដ្ឋខ្មែរជាង៦០០នាក់ បានមកជុំគ្នាស្វាគមន៍ ដំណើរអញ្ជើញមកដល់របស់លោក ហ៊ុន ម៉ាណែត កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រុមការងារជាច្រើននាក់ ក្នុងពិធីពិសារអាហារសាមគ្គី ក្នុងភោជនីដ្ឋានមួយកន្លែង ក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងពិធីនេះ មានការចូលរួម ពីប្រធានព្រឹទ្ធសភា នៃទីក្រុង Victoria លោក Bruce AtKinson និងឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅ ប្រទេសអូស្ត្រលី និងញូវសឺលេន លោក កុង គួង និងមន្ដ្រីថ្នាក់ដឹកនាំជាច្រើននាក់ផងដែរ។
នៅមុនដែលមានការរៀបចំពិធីជួបជុំ ពិសារអាហារនេះ ក្រុមបាតុករប្រមាណ១៥០នាក់ ត្រូវគេឃើញថាបានមកស្រែកជេរ ប្រជាពលរដ្ឋខ្មែរ ដែលមកចូលរួម ដោយថែមទាំងចោទថា អ្នកចូលរួម គឺបែជាទទួលបានការទិញទឹកចិត្តនោះទៅវិញ។
ប្រជាពលរដ្ឋដែលមកចូលរួមស្វាគមន៍លោក ហ៊ុន ម៉ាណែត នៅទីនេះ បានបញ្ជាក់ថា ពួកគេពិតជាសប្បាយរីករាយ ដែលបានជួបលោក ហ៊ុន ម៉ាណែត និងបានស្តាប់នូវរឿងរ៉ាវ ជាច្រើនពាក់ព័ន្ធ នឹងការរីកចម្រើននៅកម្ពុជា ដែលខុសពីអ្វី ដែលក្រុមអ្នកមានទស្សនៈប្រឆាំង តែងលើកឡើងនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ឯកអគ្គរាជទូតខ្មែរ លោក កុយ គួង រួមទាំង លោក ហ៊ុន ម៉ាណែត និងក្រុមការងារនៅតែបន្ត ចូលរួមជួបជុំជាមួយ ប្រជាពលរដ្ឋខ្មែរ ពិសារអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងជាង៦០០នាក់ដោយធ្វើ ដំណើរតាមទ្វារមុខ គ្មានការចូលតាមទ្វារក្រោយដូចការចោទប្រកាន់នោះទេ ហើយបងប្អូនខ្មែរជាច្រើននាក់បានចោមរោម សុំថតលោក ហ៊ុន ម៉ាណែត ពិសេស បានរាំកម្សាន្ដជួបជុំគ្នា យ៉ាងសប្បាយរីករាយទៀតផង។
សូមជម្រាបថា ក្រុមបាតុករប្រឆាំងនេះ ដឹកនាំដោយ តំណាងរាស្ត្រ លោក ហុង លីម និងអភិបាលក្រុង លោក ដា ឌីណង់ ដែលកំពុងរងរឿងអាស្រូវ កឹបកេងលុយ រៃអង្គាសលុយ មូលនិធីផងដែរ។
នៅទីនោះក្រុមបាតុករ បានគប់ដបទឹកសុទ្ធមកក្រុមការងារ ជាអ្នកយកព័ត៌មានម្នាក់ ដែលមកបំពេញបេសកកម្មនៅទីនេះ ផងដែរ ចំណែករថយន្តយ៉ាងហោច១០គ្រឿង របស់អ្នកចូលរួមពិសារអាហារសាមគ្គី ក៏រងការឆ្កូតដោយសង្ស័យការយក វត្ថុរឹងមកឆ្កូតពីក្រុមបាតុករផងដែរ។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត កូនច្បងរបស់សម្ដេចតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជា នៅល្ងាចម្សិលមិញនេះ ដើម្បីទស្សនកិច្ចនិងប្រារព្ធផ្សេងៗ នៅប្រទេសអូស្ដ្រាលី ហើយដំណើរទស្សនកិច្ចនេះត្រូវបានធ្វើរយៈពេល១៣ថ្ងៃ៕