(កំពង់ឆ្នាំង)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងរដ្ឋបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា លើកទី២៦ ក្រោមប្រធានបទ «មនុស្សចាស់បរិវត្តកម្មឌីជីថល»។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក យ៉ង់ ភារម្យ អភិបាលរងខេត្ត តំណាងលោក ស៊ុនសុ វណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត មន្រ្តីរដ្ឋបាលស្រុក លោកយាយ លោកតាចាស់ៗក្នុងស្រុកទឹកផុស និងនិវត្តន៍ជនចំនួន ៥០នាក់ចូលរួមផងដែរ។
លោក យ៉ង់ ភារម្យ បានថ្លែងទៅកាន់អង្គពិធីថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុ ន ម៉ាណែត ជានាយករដ្ឋមន្ត្រីមនុស្សចាស់គ្រប់រូប ត្រូវបានរដ្ឋគាំពារយកចិត្តទុកដាក់ គិតគូរអំពីជីវភាព សុខភាពពួកគាត់នៅគ្រប់មូលដ្ឋានពិសេសនិវត្តន៍ជនចាស់ៗដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ មនុស្សចាស់បានទុកមរតកជាប្រវត្តិសាស្ត្រជាច្រើន និងបទពិសោធន៍ល្អៗដល់ក្មេងជំនាន់ក្រោយមានចំណេះដឹង ចំណេះធ្វើគ្រប់ការងារ ពិសេសគឺកសាងសង្គមគ្រួសារ និងការកសាងសង្គម ជាតិឱ្យមានការរីកចម្រើនលើគ្រប់សម័យកាលកន្លងមក។
ឆ្លើយតបចំពោះគុណបំណាច់របស់មនុស្សចាស់រាជរដ្ឋាភិ បាលបានដាក់ចេញនូវគោលនយោបាយដល់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវប្រារព្ធធ្វើទិវាមនុស្សចាស់ជារៀងរាល់ឆ្នាំដើម្បីដឹងគុណតបគុណដល់មនុស្សចាស់ គឺការគិតគូរអំពីជីវភាពសុខមាភាព ជីវភាពរស់នៅ។ ក្នុងនោះក៏បានយកចិត្តទុកដាក់បង្កើតសមាគមមនុស្សចាស់នៅតាមមូលដ្ឋាន ដើម្បីបង្កលទ្ធភាពងាយស្រួលជួយដល់ពួកគាត់គ្រប់ម្រូវការចាំបាច់របស់ពួកគាត់។
ក្នុងឱកាសនេះដែរ លោក យ៉ង់ ភារម្យ សូមអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់សូមផ្ដោតការយកចិត្តទុកដាក់ឱ្យបានខ្លាំងថែមទៀតលើការថែទាំមនុស្សចាស់។ ដោយរៀបចំឱ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែងដើម្បីធានាបានថាមនុស្សចាស់មានភាពកក់ក្តៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់។
លោកក៏បានផ្ដាំផ្ញើផងដែរដល់លោកតា លោកយាយ ព្រឹទ្ធាចារ្យ អ៊ុំ ពូ មីងទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាព និងតាមដានសុខភាពឱ្យបានទៀងទាត់ដើម្បីរក្សាបាននូវសុខភាពមាំមួន ចៀសផុតពីជំងឺតង្កាត់ផ្សេងៗ និងមានអាយុយឺនយូរដើម្បីបន្តធ្វើជាម្លប់ និងជាត្រីវិស័យតម្រង់ទិសសម្រាប់កូនចៅ ដែលជាធនធានមនុស្សជំនាន់ក្រោយក្នុងការចូលរួមអភិវឌ្ឍន៍កសាងសង្គមជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្រោមម្លប់សុខសន្តិភាព។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១ តុលា លើកទី២៦ ក្រោមប្រធានបទ «មនុស្សចាស់បរិវត្តឌីជីថល» ពេលនេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប ទាខេត្តកំពង់ឆ្នាំង បានរៀបចំអំណោយជូនមនុស្សចាស់ និងនិវត្តន៍ជនចំនួន៥០នាក់ ដែលបានអញ្ជើញមកពីតាមបណ្ដាលឃុំ នៅក្នុងស្រុកទឹកផុសដោយក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូ, មី១កេស, សារុង១ និងថវិកា ៥ម៉ឺនរៀលផងដែរ៕