(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល ១០ថ្ងៃនៅក្នុងប្រទេសជប៉ុនក្រោមកម្មវិធី JENESYS បង្កើតឡើងដោយក្រសួងការបរទេសជប៉ុន ដែលទើបនឹងបញ្ចប់កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ បានផ្តល់ពេលវេលាឲ្យរូបខ្ញុំបាទ វ៉ាន់ សារាយ ក៏ដូចជាយុវជនកម្ពុជា ២១រូបដទៃទៀត បាននៅជាមួយប្រជាពលរដ្ឋជប៉ុនជាអ្នកសម្របសម្រួលកម្មវិធី ព្រមទាំងស្នាក់នៅជាមួយប្រជាកសិករជប៉ុន ក្នុងខេត្តហ៊្វូគូស៊ីម៉ា (Fukushima) រយៈពេល ២យប់ និង៣ថ្ងៃផងដែរ។
ក្នុងឱកាសបំពេញទស្សនកិច្ចសិក្សានេះ ស្រ្តីវ័យខ្ទង់ជាង ៥០ឆ្នាំទៅហើយត្រូវបានក្រសួងការបរទេសជប៉ុន ចាត់ចែងឲ្យសម្របសម្រួលកម្មវិធី និងនាំក្រុមយុវជនកម្ពុជា ក៏ដូចជាយុវជនមកពីបណ្តាប្រដទៃទៀត ចុះទស្សនកិច្ចសិក្សានៅតំបន់ផ្សេងក្នុងប្រទេសជប៉ុន ព្រមទាំងចូលរួមកម្មវិធីផ្សេងៗ។
ខ្ញុំបានកត់សម្គាល់ឃើញថា បើទោះបីជាពួកគាត់មានវ័យចំណាស់បន្តិចទៅហើយក្តី ក៏ពួកគាត់បានព្យាយាមបំពេញការងារ ដោយភាពស្វាហាប់ និងទំនួលខុសត្រូវខ្ពស់។ ក្រៅពីការកត់សម្គាល់ទៅលើសកម្មភាពការងាររបស់ពួកគាត់ហើយនោះ ខ្ញុំក៏បានកត់សម្គាល់ទៅលើការបរិភោគ អាហាររបស់ពួកគាត់ផងដែរ។
ជប៉ុន មានទម្លាប់ស្រស់ស្រូបអាហារមួយថ្ងៃ ៣ពេលដូចជាប្រជាពលរដ្ឋខ្មែរផងដែរ តែរបបអាហាររបស់ពួកគេសម្បូរបែបខ្លាំងណាស់ ហើយបាយវិញ គឺមានតែមួយកូនចាន់ចង្កឹះប៉ុណ្ណោះ។ រាល់ពេលស្រស់ស្រូបអាហារ ខ្ញុំតែងបានលួចមើលពួកគាត់ អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំង នៅក្រោយពេលស្រស់ស្រូបអាហាររួចរាល់នោះ នៅលើចានម្ហូបអាហាររបស់ពួកគាត់មិនដែលសល់ម្ហូបនោះឡើយ ខណៈដែលនៅលើចានម្ហូបអាហារ របស់យុវជនរបស់កម្ពុជា និងយុវជនមកពីបណ្តាប្រទេសដទៃទៀតបន្សល់ទុកពេញស្ទើរពេញចាន ព្រោះតែការមិនអាចសម្របខ្លួនជាម្ហូបអាហាររបស់ជនជាតិជប៉ុន។
ខ្ញុំបានសិក្សាទៅលើភាពមិនខ្ជះខ្ជាយរបស់ពលរដ្ឋជប៉ុនកាន់តែច្បាស់ថែមទៀត នៅពេលខ្ញុំទៅស្នាក់នៅជាមួយប្រជាកសិកររបស់ជប៉ុន ក្នុងខេត្តហ៊្វូគូស៊ីម៉ា។ អំឡុងពេលស្នាក់នៅជាមួយកសិករជប៉ុននេះ ខ្ញុំបានស្រស់ស្រូបអាហារ ដើរកម្សាន្ត និងដើរផ្សារជាមួយពួកគាត់ផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅជាមួយកសិករជប៉ុន ខ្ញុំបានសង្កេតឃើញថា រាល់អាហារបានលើកមកបរិភោគ ត្រូវបានបែងចែកជាចំណែកៗ រីឯអាហាររួមត្រូវបាន ដាក់ស្លាបព្រារួមមួយសម្រាប់ចាប់ម្ហូប មិនអនុញ្ញាតឲ្យប្រើស្លាបព្រាច្រឡូកច្រឡំគ្នានោះឡើយ។ មិនខុសពីអ្នកសម្រប សម្រួលកម្មវិធី ដែលខ្ញុំសង្កេតឃើញពួកគាត់តែង បរិភោគអាហារអស់ៗពីចាននោះ កសិករជប៉ុនក្នុងខេត្តហ៊្វូគូស៊ីម៉ា ដែលខ្ញុំស្នាក់នៅជាមួយនេះ គាត់ក៏តែងតែបរិភោគអាហារអស់ៗពីចានមិនសល់នោះឡើយ។ ដោយឡែកអាហាររួមប្រសិនបើជាបរិភោគនៅសល់ត្រូវបានគាត់យកទៅរក្សាទុកក្នុងទូទឹកកក ហើយតែងយកទៅកម្តៅមកបរិភោគជាថ្មី សម្រាប់អាហារពេលក្រោយ ពោលត្រូវយកមកបរិភោគរហូតទាល់តែអស់តែម្តង។
មិនតែខ្ញុំឡើយ ដែលបានសង្កេតឃើញបែបនេះ សូម្បីតែយុវជនទៅស្នាក់នៅជាមួយប្រជាកសិករជប៉ុនដទៃទៀត ក៏បានសង្កេតឃើញថា គ្រួសារជប៉ុន ពិតជាមិនមានការខ្ជះខ្ជាយសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេឡើយ។ មិនថាតែការស្រស់ស្រូបអាហារនោះឡើយសូម្បីតែការ ចាយវាយផ្សេងៗ ក៏ដូចជាបើមិនចាំបាច់បំផុត គឺពលរដ្ឋជប៉ុនមិនចំណាយនោះឡើយ។
ខ្ញុំបានកត់សម្គាល់ឃើញផងដែរថា បើទោះបីជាប្រទេសជប៉ុនជាអ្នកអាចផលិតទូរស័ព្ទស្មាតហ្វូនសម្រាប់ប្រើប្រាស់បានយ៉ាងណាក្តី តែទាំងប្រជាពលរដ្ឋជប៉ុននៅតាមទីជនបទ ក៏ដូចជាស្រ្តីអ្នកសម្របសម្រួលកម្មវិធីមិនមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់នោះឡើយ។ ខ្ញុំពិតជា មានការស្ញប់ស្ញែងខ្លាំងចំពោះប្រជាពលរដ្ឋជប៉ុន ពួកគេមិនត្រឹមតែជាប្រជាពលរដ្ឋដែលឧស្សាហ៍ខ្លាំងនោះទេ ពួកគេក៏ជាជាតិសាសន៍ ដែលសន្សំសំចៃខ្លាំងណាស់ផងដែរ។
ក្រោយឃើញភាពសន្សំសំចៃរបស់ប្រជាពលរដ្ឋជប៉ុនបែបនេះ ក៏ធ្វើឲ្យខ្ញុំនឹកឃើញដល់ភាពខ្ជះខ្ជាយក្នុងគ្រួសារខ្មែរមួយចំនួន។ ជាអ្នកមានកំណើតលើដីជនបទក្នុងស្រុកសំបូរ ខេត្តក្រចេះ ខ្ញុំពិតជាបានជ្រូតជ្រាបច្រើនពីជីវិតរបស់កសិករខ្មែរ ក្នុងពេលនៅកុមារភាព និងបឋមវ័យ មុននឹងឃ្លាតឆ្ងាយមកបន្តការសិក្សាក្នុងរាជធានីភ្នំពេញនាឆ្នាំ២០០៤។
ក្នុងពេលរស់នៅផ្ទះកំណើតនាទីជនបទ ខ្ញុំតែងបានសង្កេតឃើញគ្រួសារខ្មែរក្នុងភូមិរបស់ខ្ញុំ រួមទាំងគ្រួសារខ្ញុំផងដែរ ពិតជាមានភាពខ្ជះ ខ្ជាយខ្លាំងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ខ្ញុំមិននិយាយដល់ការចាយវាយប្រាក់ធនធានផ្សេងៗនោះឡើយ ខ្ញុំសូមលើកត្រឹមតែការស្រស់ ស្រូបអាហារប្រចាំថ្ងៃតែប៉ុណ្ណោះ។ ខ្ញុំសង្កេតឃើញថា គ្រួសារខ្មែរខ្លះបានស្លសម្លច្រើន និងពេញៗឆ្នាំង ហើយពេលបរិភោគមិនអស់ក៏ចាក់ចោល គ្រួសារខ្លះទៀត នៅពេលដាំបាយសល់ពួកគាត់មិនបានយកទៅកំដៅយកមកបរិភោគជាថ្មីនោះឡើយ គឺពួកគាត់យកទៅចាក់ចោលតែម្តង។
ក្រោយពេលមើលឃើញភាពសន្សំសំចៃរបស់ពលរដ្ឋជប៉ុន ដែលជាពលរដ្ឋក្នុងប្រទេសពោរពេញដោយសេដ្ឋកិច្ចជឿនលឿន និងល្បាញល្បីនេះ ខ្ញុំក៏បាននឹកគិតក្នុងចិត្តថា ប្រសិនបើប្រជាពលរដ្ឋខ្មែរយើងអាចផ្លាស់ប្តូរទម្លាប់ពីការខ្ជះខ្ជាយមកសន្សំសំចៃឲ្យបានខ្ពស់បន្តិច ក៏ប្រហែលជាជួយលើកកម្ពស់ជីវភាពក្នុងគ្រួសារបានមួយកម្រិតផងដែរ៕