(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសម្របសម្រួលរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការឈ្វេងយល់អំពីតួនាទីអង្គការ សង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ក្រោមអធិបតីភាព លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងវេទិកាសន្ទនានេះ លោក កើត ឆែ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាននូវសមិទ្ធផលជាច្រើនដោយបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឱ្យមានភាពល្អប្រសើរឡើង។

រាជរដ្ឋាភិបាល បានចាត់ទុកសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល គឺជាដៃគូដ៏មានសារៈសំខាន់ក្នុងការផ្ដល់និងគាំទ្រដល់សេវាសង្គម បច្ចេកទេស សុខភាពនៅតាមមូលដ្ឋានជនបទ សហគមន៍ក្រីក្រ តំបន់មិនរៀបរយ និងការបំពេញបន្ថែមនូវភាពមិនពេញលេញនៃការផ្ដល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រ និងគម្លាតរវាងការអភិវឌ្ឍទីក្រុង និងជនបទ។

គិតត្រឹមដើមឆ្នាំ២០២៤នេះ ក្នុងរដ្ឋបាលរាជធានីភ្នំពេញ មានសមាគម និងអង្គការសង្គមស៊ីវិល សរុបចំនួន ៣ ៥៨២អង្គភាព ដែលបាននិងកំពុងប្រតិបត្ដិការសកម្មភាពរបស់ខ្លួនដោយរលូន ស្របតាមច្បាប់ជាធរមាន និងគ្មានការដាក់កំហិតលើសិទ្ធិសេរីភាព និងបេសកកម្មរបស់ខ្លួនដែលមានចែងក្នុងច្បាប់ និងលក្ខន្ដិកៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

ជាកិច្ចបន្ដ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ក៏បានលើកឡើងអំពីគោលបំណងនៃការរៀបចំវេទិកាសន្ទនានាពេលនេះ គឺជាការឈ្វេងយល់ពីបញ្ហាប្រឈមនានារបស់បណ្ដាដៃគូវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក៏ដូចជាបណ្ដាអង្គការសង្គមស៊ីវិលផ្សេងទៀត ដែលជាដៃគូដ៏ស្មោះត្រង់របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិរបស់យើងឱ្យមានភាពរីកចម្រើនប្រកបដោយបរិយាបន្ន។ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំវេទិកាសន្ទនានេះ ចាប់តាំងពីឆ្នាំ២០១៧មក និងទទួលបានការចូលរួមពីបណ្ដាអង្គការសង្គមស៊ីវិលដែលជាដៃគូ និងស្ថាប័នពាក់ព័ន្ធយ៉ាងច្រើន ក្នុងស្មារតីជជែកពិភាក្សាអំពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ រួមប្រកបដោយភាពស្និទ្ធស្នាល ឈរលើលំហរសិទ្ធិសេរីភាពរវាងស្ថាប័នរដ្ឋ និងសង្គមស៊ីវិល។

ជាមួយគ្នានេះ បណ្ដាអង្គការសង្គមស៊ីវិលក៏បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហការល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានបង្កលក្ខណៈងាយស្រួលដល់បណ្ដាអង្គការសង្គមស៊ីវិល ក្នុងការធ្វើសកម្មភាព របស់ខ្លួនស្របតាមលក្ខន្តិកៈរបស់ខ្លួន។ អង្គការសង្គមស៊ីវិល ក៏បានប្តេជ្ញាចិត្តថា នឹងបន្តរួមសុខ រួមទុក្ខជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែ សកម្មបន្ថែមទៀត។ បន្ថែមពីនេះ អង្គការសង្គមស៊ីវិល ក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ ដែលទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលនីតិកាលមុនៗ មកដល់នីតិកាលទី៧ នៃរដ្ឋសភា ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវបានរាជរដ្ឋាភិបាល កំណត់ជាអាទិភាពចម្បងក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ក៏បានផ្តាំផ្ញើចំពោះអង្គការសង្គមស៊ីវិលទាំងអស់ សូមបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ដោយគោរពគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងបំពេញតួនាទីស្របតាមលក្ខន្តិកៈរបស់ខ្លួន ដើម្បីបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០៕