(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានប្រារព្វពិធីថ្វាយព្រះពរបរវមហា ប្រសើរ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ស្ថិតក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធទាំងបី និងអភិបាល ក្រុង​ ស្រុក ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យខេត្ត។

នៅក្នុងឱកាសដ៏មហាជ័យមង្គលថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជានេះរដ្ឋបាលខេត្តបទដំបង បានធ្វើនិមន្តព្រះសង្ឃ សូត្រមន្តកិច្ចតាមបែបព្រះពុទ្ធសាសនាថ្វាយ ព្រះពរ បរវមហា ប្រសើរដល់ករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោក សុខ លូ បានអាននូវសាលិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!ក្នុងឱកាសខួបលើកទី២០ ដ៏មហាប្រសើរប្រកបដោយនក្ខត្តឫក្សឧត្ដុង្គឧត្តមបំផុត នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហារបុត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឈានចូលមកដល់នាពេលខាងមុខនេះ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋខេត្តបាត់ដំបងទាំងអស់ សូមព្រះបរមរាជាអនុញ្ញាតលំឱនកាយ អភិវន្ទន៍កិច្ចសម្តែងនូវអំណរ សាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយយ៉ាងក្រៃលែងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រចំពោះព្រះរាជគុណូបការៈ និងព្រះមហា ករុណា ទិគុណដ៏ថ្លៃថ្លានៃព្រះបារមីព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែង សព្វ ព្រះរាជទ័យយកចិត្តទុកដាក់អស់ពីកម្លាំងព្រះកាយពល ព្រះបញ្ញាញាណបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម បម្រើ មាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយទសពិធរាជធម៌ និងព្រះរាជតម្រិះគតិបណ្ឌិត ដ៏មហាឈ្លាវៃ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបាននាំ
មកនូវភាពសុខដុមរមនាជូនប្រជារាស្ត្រខ្មែរ នៅ ទូទាំង ព្រះរាជាណាចក្រកម្ពុជាដោយមិនរើសអើងអ្វីឡើយ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ បារមីលោកយាយយ៉ាត សូមជួយប្រោះព្រំ សព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មាន ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាប្រជារាស្ត្ររបស់ព្រះអង្គតរៀងទៅ។

សូមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ទ្រង់ព្រះមេត្តាប្រោសទទួល នូវគារវកិច្ចដ៏ខ្ពស់ខ្ពស់ បំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស៕