(តាកែវ)៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្ត និងលោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តនៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវ រៀបចំពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងរាជ្យ សម្បត្តិថ្វាយព្រះករុណា សម្ដេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីនោះលោក វ៉ី សំណាង បានអានសារលិខិតសូមក្រាបថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់យូរអង្វែងនៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសុខដុមរមនា ដល់ប្រជារាស្ត្រខ្មែរជាស្រឡាញ់របស់ព្រះអង្គជានិច្ចនិរន្តន៍តរៀងទៅ។
សូមបញ្ជាក់ថា ថ្ងៃអង្គារិ៍ ១២រោច ខែអស្សុច ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គឺជាគម្រប់ខួបលើកទី២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤៕