(ភ្នំពេញ)៖ បន្ទាប់ពីកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម ប្រកាសផ្តល់អាហាររូបករណ៍១០០០កន្លែង ជូនដល់សិស្សក្រីក្រ ដែលចង់រៀនបន្ត នៅសាកលវិទ្យាល័យធំៗ នារាជធានីភ្នំពេញ, ដោយនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ ក៏មានលេចលឺនូវព័ត៌មានថាកញ្ញាជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមួយ ដែលហ៊ានផ្តល់អាហារូបករណ៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។
ជុំវិញបញ្ហានេះកញ្ញា ធី សុវណ្ណថា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃនេះថា នាងមិនមែនជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ គ្រាន់តែផ្តល់អាហារូបករណ៍ជូនសិស្សក្រីក្រតែប៉ុណ្ណោះ, ហើយនាងបញ្ជាក់ថា វាជាព័ត៌មានគួរឲ្យអស់សំណើច។
ពាក្យចចាមអារាមមួយផ្សាយថា៖ «ខ្ញុំជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យនេះជារឿងមិនពិត គួរឲ្យអស់សំណើច (អ្នកជឿគឺមនុស្សឆ្កួត) ខ្ញុំគ្រាន់តែបានផ្តល់អាហារូបករណ៍ជូនសិស្សក្រីក្រ១០០០នាក់ រៀននៅសាកលវិទ្យាល័យធំៗ រាជធានីភ្នំពេញតែប៉ុណ្ណោះ»។
សូមជំរាបថា ពីម្សិលមិញ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាស ផ្តល់អាហារូបករណ៍១០០០កន្លែង ជូនដល់សិស្សក្រីក្រ ដែលចង់រៀនបន្តសាកលវិទ្យាល័យធំៗ នៅរាជធានីភ្នំពេញ។
ក្នុងចំណោមអាហារូបករណ៍១០០០កន្លែងរួមមាន៤៩០កន្លែង សម្រាប់សិស្សធ្លាក់បាក់ឌុប សិក្សាថ្នាក់ បរិញ្ញាបត្ររង២ឆ្នាំ, ៤៩០កន្លែងសម្រាប់សិស្សជាប់បាក់ឌុប សិក្សាថ្នាក់ បរិញ្ញាបត្រ៤ឆ្នាំ និង២០កន្លែងទៀត សិក្សាលើបរិញ្ញាបត្រសុខាភិបាលពេទ្យ សម្រាប់សិស្សជាប់និទ្ទេស A,B,C, និង D ដោយមានការផ្តល់ជូនកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង បន្ទាន់ Tel: 093 201 222»។
គួរបញ្ជាក់ថា បេក្ខជនប្រឡងមានជាង៥ម៉ឺននាក់ ត្រូវជា៦២,១៨% នៃបេក្ខជនវត្តមានចំនួនជិត៩ម៉ឺននាក់ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០១៦។ ក្នុងនោះមានអ្នកជាប់និទ្ទេសអេ (A) រហូត៤០៥នាក់៕