(ភ្នំពេញ)៖ តាមរយៈការគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (ន.ទ.ទ.ក) ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីជំរុញឱកាសសម្រាប់ការអភិវឌ្ឍ ទេសចរណ៍ធម្មជាតិ។ គម្រោងនេះមានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិលើផ្ទៃដីប្រមាណជាង ៣,៨លានហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១៤ និងខេត្តគោលដៅចំនួន៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ដោយរំពឹងថាប្រជាពលរដ្ឋជាង ២៥,០០០គ្រួសារ និងប្រហែលជា ៥០,០០០នាក់ នឹងទទួលផលពីគម្រោងនេះ។

តាមរយៈគម្រោងនេះក្រសួងបរិស្ថាន រួមជាមួយដៃគូអភិវឌ្ឍបានចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពនៅក្នុងតំបន់ការពារធនធានធម្មជាតិ ដោយបានបែងចែក កំណត់តំបន់គ្រប់គ្រង ការចុះបញ្ជីដីធ្លី ជាពិសេសបានគាំទ្រដល់សហគមន៍លើផ្នែកអេកូទេសចរណ៍ ចំនួន១១សហគមន៍ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងរៀបចំថ្លៃសម្រាប់កសាងផ្លូវថ្មើរជើង ព្រមទាំងរៀបចំប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យជាដើម។

ក្នុងដំណើរបំពេញទស្សនកិច្ចនៃការអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ទៅកាន់ឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន រយៈពេល២ថ្ងៃ ១យប់ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ថ្មីៗនេះ, លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃអគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន បានថ្លែងយ៉ាងដូច្នេះថា៖ «នៅក្នុងតំបន់គោលដៅរបស់យើង គឺអ្នកទទួលផលប្រមាណជា ២៥,០០០គ្រួសារ អ៊ឹចឹងប្រហែលជា ៥ម៉ឺននាក់ យើងសង្ឃឹមថាក្រោយពេលអនុវត្តគម្រោងប្រជាពលរដ្ឋនៅក្នុងតំបន់សហគមន៍ធនធានធម្មជាតិ មានជីវភាពល្អប្រសើរជាងមុន​ តាមរយៈការគាំទ្រពីគម្រោង»

លោក ឃិន ម៉េងឃាង បានឱ្យដឹងថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានបង្កើតឱ្យមានតំបន់គោលដៅអេកូទេសចរណ៍ ជាក់ស្តែងសម្រាប់ដំណើរទស្សនកិច្ចនៅតំបន់ឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន ក៏មានការអញ្ជើញចូលរួមពីសំណាក់វិស័យឯកជន ដែលធ្វើសេវាកម្មនាំភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ចំណុចនេះនឹងក្លាយជាសារមួយដ៏សំខាន់សម្រាប់ផ្តល់ជូនដល់ដៃភ្ញៀវទេសចរទាំងឡាយ ឱ្យបានយល់យល់ដឹង និងចង់មកលេងកម្សាន្តទីតាំងទេសចរណ៍ធម្មជាតិរបស់កម្ពុជា។

លោក ឃិន ម៉េងឃាង បានបន្ថែមថា ជាមួយនឹងការអនុវត្តគម្រោងនេះ គឺមានតំបន់ឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន ខេត្តសៀមរាប ដែលជាទីតាំងមួយក្នុងចំណោមទីតំបន់ផ្សេងៗទៀត ទទួលបានការយកចិត្តដាក់ ខណៈមានសហគមន៍ធម្មជាតិចំនួន២ ក្នុងចំណោមសហគមន៍ចំនួន៥ ដែលមានចំនួន៩ភូមិ បានទទួលផលប្រយោជន៍ពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»។ តាមរយៈគម្រោងនេះ ធ្វើឱ្យសក្តានុពលពីតំបន់ប្រវត្តិសាស្រ្ត ក៏ដូចជាអេកូទេសចរណ៍ធម្មជាតិនេះ បានធ្វើឱ្យប្រជាសហគមន៍ជាច្រើននៅលើខ្នងភ្នំគូលែន ដែលកាលពីមុននេះអាស្រ័យពឹងពាក់លើធនធានធម្មជាតិដូចជាកាប់ព្រៃឈើ និងបរបាញ់សត្វបានងាកមក ថែរក្សានិងទាញប្រយោជន៍ពីធនធានធម្មជាតិទាំងនេះវិញ។

លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ដូចជា «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ» ស្ថិតក្នុងភូមិអន្លង់ធំ «សហគមន៍ព្រៃធំពពេល» ដែលសហគមន៍ទាំងពីរនេះទទួលបានអនុវត្តគម្រោងគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដោយទទួលបានប្រយោជន៍ដោយផ្ទាល់។

ដោយឡែកលោក ឡុង ឡេង មកពីវិស័យឯកជនផ្នែកនាំភ្ញៀវទេសចរ បានបង្ហាញការយល់ឃើញថា តាមរយៈការរៀបចំដំណើរទស្សនកិច្ចដល់អ្នកបម្រើសេវាកម្មទេសចរណ៍នឹងជំរុញឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីសក្កានុពលនូវគោលដៅទេសចរណ៍ធម្មជាតិនានា ជូនដល់ដៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកក៏បានលើកទឹកចិត្តដល់អ្នកទេសចរណ៍ក្នុងស្រុកឱ្យដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាឱ្យបានច្រើនតាមអ្វីដែលអាចធ្វើបាន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ជាពិសេសពង្រឹងសេដ្ឋកិច្ចរបស់ប្រជាសហគមន៍មូលដ្ឋានឱ្យកាន់តែមានជីវភាពល្អប្រសើរជាដើម។

បើតាមសហគមន៍បានបញ្ជាក់ពីប្រជាពលរដ្ឋក្នុងសហគមន៍បានងាកមកចាប់អារម្មណ៍លើវិស័យទេសចរណ៍ថា ពេលនេះពលរដ្ឋបានរួមគ្នាអភិរក្សធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃ តំបន់ប្រសាទដើម្បីបម្រើលើវិស័យទេសចរណ៍។ ពួកគាត់បានអាស្រ័យផលទៅលើវិស័យនេះដូចជា ការចិញ្ចឹសត្វ មាន់ទា ជ្រូក និងពិសេសដាំដំណាំកសិកម្មសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរ។

គួរបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិ ដោយយកចិត្តទុកដាក់ពង្រឹងលើផ្នែកទេសចរណ៍ធម្មជាតិ មានទាំងកិច្ចការងារបដិសណ្ឋារកិច្ច ការនាំភ្ញៀវ និងការអភិរក្សជាដើម។ លើសពីនេះគម្រោងក៏ជួយឱ្យមានកំណើនជីវភាពប្រជាសហគមន៍តាមរយៈការចិញ្វឹមសត្វជ្រូកកណ្តុរ ការចិញ្ចឹម មាន់ និងឃ្មុំព្រៃផងដែរ៕