(ពោធិ៍សាត់)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនគរបាលទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប បញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ និងសំណូមពរ របស់មន្ទីរទេសចរណ៍ ក្នុងគោលបំណងពង្រឹងវិស័យទេសចរណ៍ នៅក្នុងខេត្តឱ្យមានការអភិវឌ្ឍន៍ឈានឡើង។

លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ថ្ងៃនេះគឺជាឱកាសដ៏វិសេសវិសាលបំផុត ដែលរូបលោក និងលោកអភិបាលខេត្តពោធិ៍សាត់ បានចូលរួមជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនគរបាលទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។ សម្រាប់ថ្ងៃនេះ គឺថ្ងៃទី៣៨ហើយ ដែលលោកចូលមកទទួលមុខតំណែងថ្មី ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ហើយសម្រាប់ខេត្តពោធិ៍សាត់ គឺជាខេត្តទី៨ហើយ ដែលលោកបានចុះជួបសំណេះសំណាល និងបន្តទៅខេត្តផ្សេងៗទៀត។

លោក ហួត ហាក់ បានបន្តថា ក្នុងរយៈពេល៣៨ថ្ងៃកន្លងមកនេះ កិច្ចការទីមួយដែលលោកត្រូវធ្វើ គឺការពង្រឹងតួនាទីភារកិច្ច របៀបរបបធ្វើការងារ របស់មន្ត្រីរាជការ និងធ្វើការជាមួយអន្តរក្រសួង ក៏ដូចជារដ្ឋបាលរាជធានីខេត្ត ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ និងរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ឱ្យមានការរីកចម្រើន។

ពិតណាស់វិស័យទេសចរណ៍ បានដើរតួសំខាន់ណាស់ចំពោះសេដ្ឋកិច្ចកម្ពុជា។ វិស័យទេសចរណ៍នេះទៀតសោធ រីកចម្រើនទៅបាន គឺដោយសារមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ សូម្បីតែសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏លោកយកចិត្តទុកដាក់ខ្ពស់ ជម្រុញ និងខិតខំធ្វើយ៉ាងណា ឱ្យសេដ្ឋកិច្ចជាតិមានការកើនឡើងផងដែរ។

លោករដ្ឋមន្ត្រីបានលើកឡើងថា មន្ទីរទេសចរណ៍ ដែលចំណុះឱ្យរដ្ឋបាលខេត្ត គឺចាត់ទុកថាជាកូន របស់អភិបាលខេត្ត ដូច្នេះហើយបើយើងមានថ្នាក់ដឹកនាំល្អ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ យើងត្រូវខិតខំចូលរួមជួយជ្រោមជ្រែងជាមួយឪពុកម្តាយរបស់យើង ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ មានការអភិវឌ្ឍន៍រីកចម្រើនឈានឡើង។

លោកសូមយកឱកាសនេះ ណែនាំដល់មន្ត្រី នៃមន្ទីរទេសចរណ៍គ្រប់ជាន់ថ្នាក់ លើកិច្ចការងារមួយចំនួន រួមមាន៖
*ទី១៖ ត្រូវយកចិត្តទុកដាក់ លើគ្រប់គ្រងឯកសារ លិខិតស្នាម និងបទដ្ឋានគតិយុត្តិ
*ទី២៖ ត្រូវរៀបចំទីកន្លែងធ្វើការឱ្យសមរម្យល្អ
*ទី៣៖ កត្តាធនធានមនុស្សសំខាន់ណាស់ ចំពោះមន្ត្រីជាប់កិច្ចសន្យា បើមានឱកាស ត្រូវលើកទឹកចិត្តដល់ពួកគេ
*ទី៤៖ របៀបរបបធ្វើការងារ «ត្រូវមានរបបប្រជុំ របបរាយការណ៍ របបចុះដល់មូលដ្ឋាន របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យវាយតម្លៃ»
*ទី៥៖ ត្រូវគ្រប់គ្រង និងរកប្រភពធនធានហិរញ្ញវត្ថុ ប្រកបដោយឆ្នែប្រឌិត
*ទី៦៖ ស្វែងរកការគាំទ្រ៕