(អូស្រ្តាលី)៖ នៅក្នុងដំណើរទស្សនកិច្ចថ្ងៃទី១ នៅក្នុងប្រទេសអូស្ត្រាលី លោក ហ៊ុន ម៉ាណែត បានបង្ហាញពីគោលបំណង នៃការដឹកនាំគណៈប្រតិភូក្រុមការងារយុវជនជន នៅក្នុងប្រទេសអូស្ត្រាលីគឺក្នុងគោលបំណងជួបជុំ សួរសុខទុក្ខបងប្អូនប្រជាជនខ្មែរ ដែលរស់នៅសហគមខ្មែរនៅក្នុងប្រទេសអូស្ត្រាលី។
ហើយក្នុងឱកាសនោះលោកបាន បង្ហាញពីប្រវត្តិអតីតកាលរបស់កម្ពុជា ដែលបានជួបប្រទះនូវសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ ហើយមកដល់ពេលនេះ ប្រទេសកម្ពុជា បានទទួលសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍ។ លោក ហ៊ុន ម៉ាណែត បានពីការរបៀបរបបដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ បច្ចុប្បន្នដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ នៅក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារបានបង្ហាញពី ភាពរុងរឿងនៃវប្បធម៌ សក្តានុពលនៃវិស័យទេសចរណ៍ ពាណិជ្ជកម្មនិងវិស័យផ្សេងៗរបស់កម្ពុជា ហើយឆ្លៀតនៅក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៍បានគោរពអញ្ជើញលោក Graham WATT ដែលជាសមាជិកសភានៅរដ្ឋ Victory ទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា តាមពេលសមស្របណាមួយ ហើយស្នើឲ្យសមាជិកសភារូបនេះពិចារណា ក្នុងការជំរុញការវិនិយោគរបស់ជនជាតិអូស្ត្រាលី នៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតបលោក Graham WATT បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ក្រុមការងារយុវជនដើម្បីសួរសុខទុក្ខបងប្អូន ប្រជាជនខ្មែរដែលរស់នៅសហគមខ្មែរ នៅក្នុងប្រទេសអូស្ត្រាលីនេះ។ លោក Graham ក៍បានចាប់អារម្មណ៍ និង មោទនភាពចំពោះការរីចម្រើនរបស់ប្រទេសកម្ពុជា និងសក្តានុពលនៃការវោនិយោគនៅក្នុងប្រទេសនេះ។ នាឱកាសនោះដែរលោក Graham WATT បានបង្ហាញអារម្មណ៍សប្បាយរីករាយ នឹងទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នៅពេលវេលាសមស្របណាមួយពេលខាងមុខ។
បន្ទាប់មកលោក ហ៊ុន ម៉ាណែត បានប្រគល់វត្ថុអានុស្សាវរីយ៍រូបល្ពៅធ្វើអំពីប្រាក់ជូនលោក Graham WATT ផងដែរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺមានរយៈពេល១៣ថ្ងៃ គឺគិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ គឺក្នុងគោលបំណងជួបជុំសួរសុខទុក្ខប្រជាជនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី និងប្រទេសញ៉ូហ្សឺឡែន និងជួបមន្ត្រីរដ្ឋាភិបាលនិងសមាជិកសភាអូស្ត្រាលីផងដែរ៕