(កំពង់ធំ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោកស្រី បានចាត់បញ្ជូនសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក តំណាងលោកបណ្ឌិត ហេង សុខគង់ បានចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនដោយឥតគិតថ្លៃ និងផ្តល់វីតាមីនបំប៉នជូនដល់សិស្សានុសិស្ស។
ការពិនិត្យព្យាបាលនេះ ធ្វើឡើងនៅបរិវេណសាលារៀនសហគមន៍២១ សាខាទី៦ ស្ថិតក្នុងភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកម្មវិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ក្រោមកិច្ចសហការជាមួយលោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមគ្រុនវេស្តឡាញគ្រុប រួមជាមួយអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស.ស.យ.ក.ស្រុកផងដែរ។
ការពិនិត្យ និងព្យាបាលជំងឺក្នុងរយៈពេល១ថ្ងៃនេះ សរុបបានចំនួន៦៩៨នាក់។
ប្រជាពលរដ្ឋ សិស្សានុសិស្សដែលបានចូលរួមទាំងអស់ក្នុងពិធីនេះ មានសេចក្តីអំណរសាទរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានចាត់បញ្ជូនសុទ្ធតែក្រុមគ្រូពេទ្យជំនាញៗ មកក្នុងថ្ងៃនេះ និងសូមថ្លែងអំណរគុណដល់លោក នួន ផារ័ត្ន លោកឧកញ៉ា ប៉ិច បូឡែន ព្រមទាំងក្រុមការងារទាំងអស់ ដែលបានសហការសម្របសម្រួល និងដែលតែងយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសដែលរស់នៅឆ្ងាយពីសេវាសុខាភិបាល ក្នុងយុគសម័យដែលប្រទេសជាតិ កាន់តែសម្បូរសប្បាយ រីកចម្រើន និងរស់ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ជាក់ស្តែងថ្ងៃនេះក្រុមគ្រូពេទ្យជំនាញៗ ដែលមកពីស្ទើរគ្រប់មន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលប្រជាពលរដ្ឋអមជាមួយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ផ្តល់នូវជំនឿ និងទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ជាមួយក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋនៅទីជនបទ។ ប្រជាពលរដ្ឋបានសំណូមពរដល់ក្រុមការងារដើម្បីបន្តកម្មវិធីពិនិត្យ និងព្យាបាលនេះឲ្យបានញឹកញាប់នាពេលខាងមុខបន្តទៀតផងដែរ៕