(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចឲ្យមន្រ្តីជាប់កិច្ចសន្យា ១១១រូប នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្លាយទៅជាមន្រ្តីពេញសិទ្ធិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការសម្រេចរបស់នាយករដ្ឋមដន្រ្តី នៃកម្ពុជា បានធ្វើឲ្យមន្រ្តីជាប់កិច្ចសន្យាទាំង ១១១រូប ត្រេកអរនិងរីករាយខ្លាំង ព្រមទាំងគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយសម្រេចបំណងរបស់ពួកគាត់។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅខែកញ្ញា កន្លងទៅនេះ បានធ្វើលិខិតស្នើសុំសម្តេចតេជោ ហ៊ុន សែន បញ្ចូលមន្រ្តីជាប់កិច្ចសន្យា ១១១រូប ក្នុងក្របខណ្ឌមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី។ លោក ជា សុផារ៉ា បានគូសបញ្ជាក់ក្នុងលិខិតនោះថា មន្រ្តីទាំង ១១១រូប បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០០៣ រហូតដល់បច្ចុប្បន្ន។
លោកទេសរដ្ឋមន្រ្តីថា មន្រ្តីទាំងនេះមានបទពិសោធន៍ការងារ លក្ខណៈសម្បត្តិ និងសមត្ថភាពសមល្មម ដើម្បីចូលបម្រើក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបន្តជួយពន្លឿនការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធឲ្យសម្រេចតាមផែនការ និងប្រកបដោយប្រសិទ្ធភាព។
សំណើរបស់លោក ជា សុផារ៉ា ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចឯកភាពរួចហើយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។ នេះបើយោងតាមលិខិត ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦។
តាមរយៈលិខិតថ្លែងអំណរគុណផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ មន្រ្តីទាំង ១១១រូប បានបង្ហាញក្តីត្រេកអរ និងបានថ្លែងថា ពួកគេមិនអាចបំភ្លេចនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេចតេជោ បាននោះឡើយ។
មន្រ្តីទាំងទើបបញ្ចូលក្នុងក្របខណ្ឌទាំង ១១១រូបបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំបាទ-នាងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវគុណបំណាច់ ដ៏ថ្លៃថ្លានេះ បានឡើយជាមួយគ្នានេះដែរ។ ខ្ញុំបាទ នាងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញា និងសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបំពេញការតព្វកិច្ច និងបម្រើការងារជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសចំពោះរាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលបានជោគជ័យមួយរយភាគរយតាមផែនការប្រកបដោយប្រសិទ្ធភាព និងតម្លាភាពក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងប្រទេស»៕