(អ៊ីស្ដង់ប៊ូល)៖ អាជ្ញាធរតួកគី នៅថ្ងៃសុក្រនេះ បានចេញដីកាឃុំខ្លួនមនុស្ស ១៦៦ នាក់ ក្នុងនោះរួមមានទំាង ប្រធានមន្ត្រីប៉ូលិសជាច្រើននាក់ ពីបទសង្ស័យមានជាប់ពាក់ព័ន្ធនឹង លោក Fethullah Gulen ត្រូវបានទីក្រុង អង់ការ៉ា ចោទប្រកាន់ថាជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេច ដែលបណ្ដាលឱ្យមនុស្ស ២៤០នាក់ បាត់បង់ជីវិត កាលពីខែកក្កដា កន្លងទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០១៦។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu ការស៊ើបអង្កេតដំបូងឡើយ មានគោលដៅទៅលើទីស្នាក់ការ ប៉ូលិសជាច្រើននៅក្នុងទីក្រុងអ៊ីស្ដង់ប៊ូល និង ខេត្តចំនួន៣៥ ក៏ប៉ុន្តែក្រុមមនុស្ស ដែលបានប្រើប្រាស់កម្មវិធី ផ្ញើ សារតាមទូរសព្ទដៃស្មាតហ្វូន ឬគេស្គាល់ថា ByLock ក៏បានក្លាយជាគោលដៅនៃការស៊ើបអង្កេតនេះដែរ នៅ ក្រោយពេលទីភ្នាក់ងារចារកិច្ចរដ្ឋាភិបាលតួកគី បានអះអាងកាលពីខែសីហាថា មានមនុស្យយ៉ាងហោចណាស់ ៥៦,០០០នាក់ ប្រើបា្រស់កម្មវិធីផ្ញើសារនេះ ដែលត្រូវបានអាជ្ញាធរជឿជាក់ថា ជាបណ្ដាញទំនាក់ទំនងរបស់ លោក Gulen ចាប់ផ្ដើមប្រើក្នុងឆ្នាំ២០១៤។
សូមជំរាបថា ចាប់តំាងពីមានរដ្ឋប្រហារមិនសម្រេចមក អាជ្ញាធរតួកគីបានបើកប្រតិបត្តិការ បោសសំអាតទ្រង់ ទ្រាយធំ ដោយក្នុងនោះមានមនុស្សប្រមាណ ៣២,០០០ នាក់ ត្រូវជាប់ពន្ធនាគារ រង់ចំាការកាត់ទោស ខណៈ មនុស្សជាង ១០០,០០០ នាក់ មានទំាងសាស្ត្រាចារ្យ ប៉ូលិស យោធា ចៅក្រម ជាដើម ត្រូវបានបណេ្ដញចេញ ឬបញ្ឈរជើងពីការងារ។ តែជាមួយគ្នានោះដែរ បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និង អង្គការអូតង់បាន សម្ដែងក្ដីព្រួយបារម្ភ ក៏ដូចជារិះគន់ចំពោះចំណាត់ការ របស់អាជ្ញាធរតួកគី ដោយពួកគេខ្លាចក្រែងជនគ្មាន កំហុសត្រូវរងគ្រោះដោយសារតែការស៊ើអង្កេតនេះ។