(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ឱ្យដឹងថា ពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រងគ្រោះដោយសារព្យុះទឹកជំនន់ Typhoon Chaba នោះទេ ខណៈប្រជាពលរដ្ឋកូរ៉េស្លាប់ចំនួន ៧នាក់ បាត់ខ្លួនចំនួន៣នាក់ និងរងរបួសចំនួន១៩៨នាក់។
តាមសេចក្ដីប្រកាសរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលអង្គភាព Fresh News ទើបទទួលបាននៅល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា «មកទល់ពេលនេះ ពុំមានប្រជាពលរដ្ឋ និងពលករខ្មែរណាម្នាក់ ដែលកំពុងរស់នៅលើទឹកដី នៃសាធារណរដ្ឋកូរ៉េ រងគ្រោះដោយសារព្យុះទឹកជំនន់ Typhoon Chaba ដ៏ខ្លាំងខ្លា ដែលបានវាយប្រហារតំបន់ជាច្រើន នៅភាគខាងត្បូងប្រទេសកូរ៉េ កាលពីថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០១៦ នេះឡើយ»។
សេចក្ដីប្រកាសបានបន្តថា ក្រសួងសុវត្ថិភាពសាធារណៈ និងសន្ដិសុខ នៃសាធារណរដ្ឋកូរ៉េ បានប្រកាសថា «មានពលរដ្ឋកូរ៉េស្លាប់ចំនួន ៧នាក់, បាត់ខ្លួនចំនួន ៣នាក់, រងរបួសចំនួន ១៩៨នាក់, និងបានបំផ្លិចបំផ្លាញផ្ទះចំនួន ៥០០ខ្នង, ហាងចំនួន ១៥០កន្លែង, និងរថយន្ដចំនួន ១,០៤៦គ្រឿង ក្នុងហេតុការណ៍ព្យុះទឹកជំនន់ Typhoon Chaba នេះ»។
ទោះយ៉ាងណា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ នៅតែបន្ដអំពាវនាវដល់បណ្ដាសមាគមន៍ និងមជ្ឈមណ្ឌលគាំពារពលករបរទេស តាមតំបន់ទាំងអស់ ត្រូវតាមដានព័ត៌មានពាក់ព័ន្ធនឹងព្យុះទឹកជំនន់ខាងលើនេះឱ្យបានដឹតដល់ និងចាត់វិធានការបញ្ជៀសគ្រោះថ្នាក់ពីប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះឱ្យបានទាន់ពេលវេលាផងដែរ៕