(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការឆ្លើយតបនឹងសំណួរអំពីការធ្វើពហិការសារជាថ្មីរបស់បក្សប្រឆាំង។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការមិនចូលប្រជុំសភារបស់បក្សប្រឆាំងនៅពេលនេះ គឺជាទម្លាប់អាក្រក់របស់បក្សប្រឆាំង និងជាប្រចាំដែលយករដ្ឋសភាជាចំណាប់ខ្មាំង ដើម្បីផលប្រយោជន៍របស់គណបក្សផ្ទាល់ ដែលបោះបង់កាតព្វកិច្ចតំណាងមតិភាគតិច ដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនអោយតំណាង។
លោក ផៃ ស៊ីផាន បានលើកឡើងថា អាស្រ័យដោយអ្នកសារព័ត៌មានមួយចំនួន បានតាំងសំនួរយ៉ាងភ្ញាក់ផ្អើលអំពី ការធ្វើពហិការសារជាថ្មីរបស់ CNRP មិនចូលប្រជុំរដ្ឋសភា ដែលយកលេសថា មានការគំរាមកំហែងពីរដ្ឋាភិបាល និងការធ្វើបាតុកម្មនោះលោក សូមផ្តល់ចម្លើយជាផ្លូវការដូចខាងក្រោម៖
១៖ កិច្ចធ្វើពហិការមិនចូលសភារបស់ CNRP គឺជាបន្តនូវទម្លាប់អាក្រក់ និងជាប្រចាំដែលយករដ្ឋសភាជា ចំណាប់ខ្មាំង ដើម្បីផលប្រយោជន៍របស់គណបក្សផ្ទាល់ ដែលបោះបង់កាតព្វកិច្ចតំណាងមតិភាគតិច ដែលប្រជាពលរដ្ឋ បានបោះឆ្នោតជូនអោយតំណាង។ ការធ្វើពហិការនេះ គឺជាការបំផ្លាញ និងក្បត់ឆន្ទៈ របស់ប្រជាពលរដ្ឋភាគតិច ដែលគណបក្សនេះ ដែលបានសន្យាយ៉ាងម៉ត់មាំថា៖ ការពារផលប្រយោជន៍ ប្រជាពលរដ្ឋទាំងអស់នោះ។ អ្វីដែលតែងតែប្រកាសយ៉ាងខ្ទរខ្ទារថា «យកប្រយោជន៍ជាតិជាធំនោះ គឺជាការភូតភរយ៉ាងជាក់ស្ដែង ដែលបានបោះបង់ កាតព្វកិច្ចជាអ្នកតំណាងរាស្ត្រ នៃលទ្ធិប្រជាធិបតេយ្យ យកសកម្មភាពប្រឆាំងឧទ្ទាមនិយមជាទិសដៅនៃ អំណាចផ្ទាល់ខ្លួនតែប៉ុណ្ណោះ»។
២៖ ការសម្ដែងសកម្មភាព រាប់ទាំងផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីធ្វើអោយមតិសាធារណៈឃើញថា កម្ពុជាមានវិបត្តិនយោបាយ ឬកំដៅនយោបាយ ក្នុងការផ្ដល់ឱកាសអោយបរទេស ចូលមកជ្រៀតជ្រែកដែន អធិបតេយ្យជាតិ និងមោទនៈភាពជាតិ។ ខុសគ្នាពីរាជរដ្ឋាភិបាល ដែលខំប្រឹងប្រែងក្នុងកិច្ចរក្សាសន្តិភាព និងស្ថេរភាព គឺថ្នាក់ដឹកនាំជាន់ខ្ពស់របស់ CNRP តែងតែប្រឌិតរឿងអាស្រូវផ្ទាល់ខ្លួន បន្លំអោយគេយល់ថា ជាបញ្ហានយោបាយ ឬកំដៅនយោបាយ ដែលខុសពីការពិត។
៣៖ ការស្វែងរកបរទេសចូលអន្តរាគមន៍ ឬជ្រៀតជ្រែកកម្ពុជារបស់ថ្នាក់ដឹកនាំ CNRP រហូតដល់រៀបចំ សេណារីយោ ប្ដឹងបរិហាកេរ្តិ៍ រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីឆន្ទៈប្រជាពលរដ្ឋ មិនត្រឹមតែសកម្មភាព បំផ្លាញ កម្ពុជាផ្ទាល់នោះទេ ក៏ប៉ុន្តែជាការងារក្បត់ និងផលប្រយោជន៍របស់កម្ពុជា រួមទាំងកិត្យានុភាព របស់ប្រជាជាតិ ដែលទើបតែរំដោះខ្លួនចេញពី បនឧក្រិតកម្មមនុស្សជាតិ ក៏ដូចជាការស្វែង និងការប្រឹងប្រែងធានាសន្តិភាព និងស្ថេរភាព ដើម្បីភាពសុខសាន្តរបស់មហាជន ស្វែងទៅកាន់ វឌ្ឍភាពនៃជំរើសរៀងៗខ្លួន។
៤៖ «អំពើក្បត់ម្ដងហើយម្ដងទៀត» ជាចារិក និងវប្បធម៌របស់ CNRP មិនត្រឹមតែប្រឆាំងនឹង «វប្បធម៌ សន្ទនាប៉ុណ្ណោះទេ» ក៏ប៉ុន្តែនៅតែបន្តយុទ្ធនាការ កំសាក រៀបចំចលនាបាតុកម្មប្រឆាំងនឹង រាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រុមគ្រួសាររបស់លោក។ សកម្មភាពកំសាក គ្មានតម្លៃ សីលធម៌ និងគុណធម៌ មិនបានបែងចែករវាងនយោបាយ និងការងារផ្ទាល់ខ្លួននោះទេ ក៏ប៉ុន្តែបានធ្វើអោយមានការបាក់បែកនៅក្នុងសង្គមខ្មែរ មិនថាក្នុងស្រុក ក៏ដូចជាបរទេស។ ចលនានេះ រិតតែធ្វើអោយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសបាត់បង់នូវព័ត៌ មានពិតប្រាកដពីមាតុប្រទេស របស់ខ្លួន តាមរយៈគណៈប្រតិភូខ្មែរដែលធ្វើទស្សនៈកិច្ច ដើម្បីគោរពជម្រាប ជូនប្រជាពលរដ្ឋនៅទីនោះ ក៏ប៉ុន្តែរិតតែ ធ្វើអោយប្រជាពលរដ្ឋទាំងនោះឯកោពីសាច់ ញាតិរបស់ខ្លួន ឯកោវប្បធម៌របស់ខ្លួន ឯកោពីវឌ្ឍភាព របស់មាតុប្រទេសរបស់ខ្លួន គឺហាក់ដូចជាក្រុមឧទ្ទាមបង្ខាំងប្រជាពលរដ្ឋទាំងនោះ ជាចំណាប់ខ្មាំងអោយដាច់ដោយឡែកពីមហាជនខ្មែរភាគច្រើនដាច់ខាត ហើយអោយក្លាយ ជាក្រុមផ្ដាច់ខ្លួនប្រឆាំង មិនហានធ្វើ ទស្សនកិច្ចមកកាន់កម្ពុជា ដែលផ្ទុយស្រឡះពីរាជរដ្ឋាភិបាល ដែលលោកតែងតែ ស្វាគមន៍ជានិច្ចកាល ចំពោះវត្តមានបងប្អូនរួមជាតិដែលរស់នៅបរទេសមកទស្សនកិច្ច ក៏ដូចជាចូលរួមជីវភាពនយោបាយ និងជីវភាពសេដ្ឋកិច្ចនៅក្នុងកម្ពុជា។ ដូចនេះបងប្អូនជនរួមជាតិ ដែលរស់នៅក្រៅប្រទេស គឺជាធនធានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការកសាងជាតិ គ៏ដូចជាតម្លៃនៃអត្តសញ្ញាណ និងមោទនភាពកម្ពុជា។
អំពើកំសាក បែងចែកអ្នកនៅក្នុងស្រុក និងក្រៅស្រុកខ្មែរ គឺជាអំពើភេរវកម្ម ដែលមិនមែនជាសកម្មភាព នយោបាយពិតប្រាកដ របស់ប្រជាជាតិរួមសញ្ជាតិតែមួយនោះទេ គឺជាអំពើចំណាប់ខ្មាំងប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ សុខសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ ក៏ដូចជាប្រឆាំងនឹងប្រជាជាតិរួមឈាមជ័រខ្មែរតែមួយ។
ការគៀងគរបាតុកម្មនៅក្រៅប្រទេស រៀបចំឡើងដោយក្រុមបណ្ដាញ CNRP ប្រឆាំងនឹងវត្តមានរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត គឺបានបង្ហាញការពិតជាក់ស្ដែង នៃហេតុផលបរាជ័យរបស់ CNRP នៅក្រៅប្រទេស ដែលបានបង្ហាញជាក់ស្ដែងជាសាធារណៈ នូវភាពស្លន់ស្លោ ញាំងអោយក្រុមគេនោះ ដែលខុសពីឧត្ដមគតិនៃលទ្ធិប្រជាធិបតេយ្យសេរី ស៊ីវីល័យគោរពសិទ្ធិមនុស្ស និងមិនរើសអើង ជាមួយនឹងសិទ្ធិបញ្ចេញយោបល់ ឬជំនឿពីក្រុម និងបុគ្គល ដែលមានទស្សនៈមិនដូចគ្នា។ អាស្រ័យហេតុដូចនេះ CNRP ត្រូវតែទទួលខុសត្រូវ មិនថានៅក្នុងកម្ពុជា ឬនៅឯបរទេសនោះទេ៕