(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនវិធានការប្រឆំាងនឹងកូរ៉េខាង ជើង ក្នុងនោះរួមមានទំាងការផ្ដាច់ទំនាក់ទំនងការទូត ក្រោមហេតុផលទីក្រុងព្យុងយ៉ាង នៅតែបន្តធ្វើការបាញ់ សាកល្បងអាវុធនុយក្លេអ៊ែ និង មីស៊ីលបាលិស្ទីគ ដែលជាទង្វើរំលោភទំាងស្រុងលើដំណោះស្រាយរបស់ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅថ្ងៃសុក្រ ទី៧ខែ តុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយយ៉ុនហាប់ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se បាន និយាយថា «នេះជាពេលវេលាដ៏សំខាន់ ក្នុងការចាត់វិធានការផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងរបបដឹកនំា ទីក្រុងព្យុងយ៉ាង ដោយអនុឡោមតាមមាត្រា ៤១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ត្បិតកូរ៉េខាងជើងបាន រំលោភម្ដងហើយម្ដងទៀត លើដំណោះស្រាយនៃក្រុមប្រឹក្សាសន្តិសុខ តាមរយៈការចចេសសាកល្បងអាវុធនុយ ក្លេអ៊ែ និងមីស៊ីលបាលិស្ទីគ»។ លោក Yun Byung-se ក៏បានអំពាវនាវផងដែរ ឱ្យបណ្ដាប្រទេសដែលមាន ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង កាត់បន្ថយ ឬក៏ព្យួរទំនាក់នងនេះតែម្ដង។ សម្រាប់កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក កម្មវីធីអាវុធនុយក្លអ៊ែ របស់ទីក្រុងព្យុងយ៉ាង ជាការគម្រាមកំហែងធំបំផុតដល់សន្តិសុខ និង ស្ថេរភាពនៅក្នុងតំបន់ ខណៈទីក្រុងព្យុងយ៉ាង អះអាងថា វាជាវិធានការការពារ ប្រទេសជាតិ ពីការឈ្លានពានរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កូរ៉េខាងជើងមានទំនាក់ទំនងការទូតជាមួយនឹងប្រទេសចំនួន ១៦៤ ប៉ុន្តែមានតែ២៤ប្រទេស ប៉ុណ្ណោះ មានស្ថានទូតនៅក្នុងទីក្រុងព្យុងយ៉ាង ហើយប្រទេសឯកោមួយនេះ មានស្ថានទូតរបស់ខ្លួននៅក្នុង ប្រទេសចំនួន៤៦។