(ឡាវ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា លោកបណ្ឌិត ឈាង វណ្ណារិទ្ឋ អគ្គលេខាធិការរង និងជាអនុប្រធានក្រុមព័ត៌មានប្រតិកម្មរហ័ស និងវិភាគយុទ្ធសាស្ត្រនៃរដ្ឋសភា បានលើកឡើងពីជោគជ័យយ៉ាងធំធេងរបស់ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដែលដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងប្រទេសឡាវ កាលពីសប្តាហ៍មុន។

លោកបណ្ឌិត បានបញ្ជាក់ថា តាមរយៈសម្តេចប្រធានរដ្ឋសភាកម្ពុជា ប្រទេសកម្ពុជាបានផ្ញើសារយ៉ាងច្បាស់ពីតម្លៃសន្តិភាព។ កម្ពុជាចង់ឃើញពិភពលោកនិងតំបន់មានសន្តិភាព។

«អាស៊ានមានប្រជាជនជិត ៧00 លាននាក់ ជាកិត្តិយសមួយធំ ចំពោះកម្ពុជានៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាដោយសារយើងបានផ្ញើសារមួយដែលចំបញ្ហានិងមានទម្ងន់។ កម្ពុជាប្រទេសតូចមែនក៏ប៉ុន្តែមានសំឡេងធំ។ សំឡេងធំរបស់យើងគឺ ចង់បាននូវសន្តិភាព ហើយយើងទាមទារនូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ តាមរយៈការពង្រឹងយន្តការសភា និងយន្តការពហុភាគី»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ឈាង វណ្ណារិទ្ធ។

សូមជម្រាបអំឡុងពេលចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងប្រទេសឡាវ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះនៅក្នុងវេទិកាអ្នកយោបាលស្រ្តីអាយប៉ា និងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១នៃមហាសន្និបាតអាយប៉ា។ សន្ទរកថាទំាងពីរលើករបស់សម្តេចប្រធានរដ្ឋសភា ត្រូវបានមហាសន្និបាតវាយតម្លៃខ្ពស់និងអបអរសាទរយ៉ាងក្រែលែង។

នៅក្នុងវេទិកាអ្នកយោបាយស្រ្តី សម្តេចមហារដ្ឋសភាធិបតី បានស្នើឱ្យមានការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តកាន់តែច្រើនឡើង ជាពិសេសការបង្កើនចំនួនស្រ្តីនៅក្នុងវិស័យនយោបាយបន្ថែមទៀត។ សម្តេចបានសង្កត់ធ្ងន់ថាស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌ បិរយាបន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនោះទេ ក៏ប៉ុន្តែការរួមវិភាគទានរបស់ស្រ្តីគឺជាកត្តាសំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិថែមទៀតផង។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានកោតសរសើរដល់រដ្ឋសភាប្រទេសឡាវនិងលេខាធិកាដ្ឋានអាយប៉ា ដែលបានបង្កើតវេទិកាអ្នកនយោបាយស្រ្តីនេះឡើង។ ឯកឧត្តមបណ្ឌិតថា នេះជាការលេចធ្លោមួយរបស់ប្រទេសឡាវ នៅក្នុងការរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៥នេះ។

អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានប្រមូលផ្តុំនូវមតិ យោបល់ និងទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក សំដៅធានាឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកប ដោយចីរភាព។ សមាជិករបស់ AIPA រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕